បណ្តាញសង្គម

ប្រជាជនអូស្រ្តាលីរាប់ពាន់នាក់ ត្រូវបង្ខំឱ្យភៀសខ្លួនពីលំនៅឋាន ដោយសារតែគ្រោះទឹកជំនន់

(កង់បេរ៉ា)៖ មនុស្សរាប់ពាន់នាក់ នៅតំបន់ភាគអាគ្នេយ៍នៃប្រទេសអូស្រ្តាលី ត្រូវបានណែនាំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ខ្លួន បន្ទាប់ពីការធ្លាក់ភ្លៀងប៉ុន្មានថ្ងៃជាប់គ្នា បានបណ្តាលឱ្យជន់លិចទំនប់ទឹកនិងដងទន្លេ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២។ អាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា ភាគច្រើននៃរដ្ឋវិចតូរៀ (Victoria), ភាគខាងត្បូងរដ្ឋញូសោតវែល (New South Wales) ហើយនិងតំបន់ភាគខាងជើងនៃរដ្ឋដែនកោះ តាសម៉ានៀ (Tasmania) បាននិងកំពុងទទួលរងឥទ្ធិពលប្រព័ន្ធធាតុអាកាសដ៏តានតឹងមួយ ដែលបង្កឱ្យមានទឹកភ្លៀងធ្លាក់ក្នុងកម្រិតយ៉ាងច្រើន ចាប់តាំងតែពីយប់ថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ-មីនា ឆ្នាំនេះ មនុស្សជាង២០នាក់ បានស្លាប់ ក្នុងគ្រោះទឹកជំនន់ នៅតំបន់ភាគខាងកើតអូស្រ្តាលី ដែលបានវាយលុកលើរដ្ឋគ្វីនលែន (Queensland) និងរដ្ឋញូសោតវែល។ ចំណែកកាលពីខែកក្កដា ប្រជាជនអូស្រ្តាលីរាប់ម៉ឺននាក់ ដែលរស់នៅក្នុងទីក្រុងស៉ីដនី ត្រូវបានណែនាំឱ្យជម្លៀសខ្លួន ក្រោយតំបន់ភាគខាងលិចទីក្រុង រងហានិភ័យខ្លាំងពីការជន់លិច៕

ដកស្រង់ពី៖Fresh News