បណ្តាញសង្គម

បេឡារុស ថានឹងទទួលកងទ័ពរុស្ស៉ីតិចជាង ៩,០០០នាក់ ឱ្យឈរជើងលើទឹកដីរបស់ខ្លួន

(មូស្គូ)៖ ក្រសួងការពារជាតិបេឡារុស បាននិយាយថាកងទ័ពរុស្ស៉ីតិចជាង ៩,០០០នាក់តែប៉ុណ្ណោះ នឹងត្រូវបានអនុញ្ញាតឱ្យឈរជើងនៅលើទឹកដីបេឡារុស ជាផ្នែកមួយនៃកងកម្លាំងរួមគ្នា ដើម្បីការពារតំបន់ព្រំដែនរបស់ខ្លួន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២។ នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Twitter លោក វ៉ាឡេរី រ៉េវិនកូ (Valeriy Revenko) ជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការយោធា អន្តរជាតិនៃក្រសួងការពារជាតិបេឡារុស បានបញ្ជាក់ទៀតថាកងទ័ពរុស្ស៉ីដែលស្ថិតនៅក្នុងកងកម្លាំងរួមគ្នា បានចាប់ផ្ដើមធ្វើដំណើរមកកាន់ប្រទេសបេឡារុស ហើយ រីឯការរៀបចំទីតាំងឈរជើងនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា លោក វ៉ាឡេរី ក៏បានអះអាងដែរថាកងទ័ពរុស្ស៉ីសរុបមានចំនួន តិចជាង៩,០០០នាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីបេឡារុស លោក អាឡិចហ្សាន់ឌឺ លូកាសឈិនកូ (Alexander Lukashenko) កាលពីសប្ដាហ៍មុនបានឱ្យដឹងថាកងទ័ពបេឡារុស នឹង ត្រូវបានដាក់ពង្រាយរួមគ្នាជាមួយកងទ័ពរុស្ស៉ី នៅតាមតំបន់ព្រំដែនជាប់អ៊ុយក្រែន ដោយលោកសំអាងលើការគំរាមកំហែងពីសំណាក់អ៊ុយក្រែន និងលោកខាងលិច៕

ដកស្រង់ពី៖Fresh News