បណ្តាញសង្គម

បារាំងនឹងផ្តល់ការហ្វឹកហាត់ ដល់ទាហានអ៊ុយក្រែន ២,០០០នាក់

រដ្ឋមន្រ្តីការពារជាតិបារាំង លោក Sebastein Lecornu កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍ បានប្រាប់សារព័ត៌មាន ក្នុងស្រុកថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រលើសំណើមួយ ស្តីពីការផ្តល់ ការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែនក្នុងចំនួនដ៏ច្រើនមួយ រហូតដល់ ២.០០០នាក់ នៅក្នុងប្រទេសបារាំងសម្រាប់រយៈពេលប៉ុន្មានសប្តាហ៍។

បើតាមលោករដ្ឋមន្រ្តីការពារជាតិបារាំង កន្លងមកទីក្រុងប៉ារីស ធ្លាប់បានស្នើផ្តល់ការហ្វឹកហាត់ ប្រើប្រាស់ប្រព័ន្ធកាំភ្លើងធំហោវីតសឺ ស៉ីសា (Caesar) ដល់ទាហានអ៊ុយក្រែន។

បារាំង បានប្រគល់ប្រព័ន្ធកាំភ្លើងធំ ស៉ីសា សរុប១៨គ្រឿងដល់អ៊ុយក្រែន ខណៈកំពុងមានកិច្ចពិភាក្សា ដើម្បីផ្តល់៦គ្រឿងថែមទៀត។ ប្រមុខការពារជាតិបារាំងរូបនេះ បានបន្តថា បារាំង ក៏កំពុងពិចារណាលើការប្រគល់ប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែតផងដែរ ហើយលោក បានសន្យាថា បារាំង នឹងផ្តល់ប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ក្រូតែល (Crotale) ដល់អ៊ុយក្រែនថែមទៀតផង ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខ ក្រោមគោលបំណងជាពិសេស ដើម្បីជួយអ៊ុយក្រែនការពារខ្លួន ពីការវាយប្រហារដោយមីស៉ីល និងដ្រូនរបស់រុស្សី នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។