បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអង់គ្លេស សូមអភ័យទោសចំពោះកំហុស លើគោលនយោបាយកាត់បន្ថយពន្ធ

(ឡុងដ៏)៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) បានចេញមុខសុំទោសចំពោះ «កំហុស» ដែលកើតមានក្នុងកម្មវិធីកែទម្រង់របស់លោកស្រី ដែលបណ្តាលឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិន ហើយបាននាំឲ្យការគាំទ្រធ្លាក់ចុះស្ទើរតែនឹងត្រូវរុះរើគណៈរដ្ឋមន្រ្តី។

នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែតុលា ឆ្នាំ២០២២។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេសថ្មី គឺ លោក ជេរ៉េមី ហាន់ (Jeremy Hunt) ដែលត្រូវបានតែងតាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបដិសេធផែនការសំខាន់ៗដែលនៅសេសសល់ក្នុងរបៀបវីរៈកាត់បន្ថយពន្ធ រួមទាំងសើរើឡើងវិញនូវគម្រោងគាំទ្រវិស័យថាមពលរបស់ លោកស្រី ត្រាស់ ជាដើម។ លោកស្រី ត្រាស់ បានប្រាប់ទូរទស្សន៍ BBC យ៉ាងដូច្នេះថា «ខ្ញុំសូមទទួលខុសត្រូវ និងសុំទោសចំពោះកំហុសដែលខ្ញុំបានធ្វើ។

គឺខ្ញុំចង់ជួយដល់អ្នកដែលកំពុងជួបវិបត្តិថាមពល ឲ្យពួកគេអាចដោះស្រាយបញ្ហាតម្លៃពន្ធខ្ពស់បាន ប៉ុន្តែយើងបានធ្លាក់ចូលក្នុងវិបត្តិនេះយ៉ាងជ្រៅ និងលឿនពេក។ វាជាការមិនទទួលខុសត្រូវទាំងស្រុងរបស់ខ្ញុំ ដែលមិនបានផ្អែកតាមផលប្រយោជន៍ជាតិ»។ គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ ដែលទើបនឹងកាន់តំណែងជានាយករដ្ឋមន្រ្តីអង់គ្លេស រយៈពេលជិត៦សប្តាហ៍មកនេះ កំពុងប្រឈមចំពោះការបះបោរដែលអាចកើនមានក្នុងចំណោមសមាជិកសភា ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកខ្លះបានរាយការណ៍ថា សមាជិកសភាមួយចំនួន កំពុងធ្វើការពិភាក្សាជាសម្ងាត់ស្តីពីដាក់សមាសភាពមេដឹកនាំថ្មី មកជំនួសតំណែងលោកស្រី៕

ដកស្រង់ពី៖Fresh News