បណ្តាញសង្គម

EU ត្រៀមដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ចំពោះការផ្តល់យន្តហោះដ្រូនដល់រុស្ស៉ី

សហភាពអឺរ៉ុប កំពុងធ្វើការឆ្ពោះទៅរកការដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីបានប្រមូល «ភស្តុតាងគ្រប់គ្រាន់» ដែលថាប្រទេសនេះ កំពុងផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើក (ដ្រូន) សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃពុធ អ៊ុយក្រែន បានអះអាងថា យោធារបស់ខ្លួន បានបាញ់ទម្លាក់យន្តហោះដ្រូន ដែលផលិតដោយប្រទេសអ៉ីរ៉ង់ សរុបជាង២២០គ្រឿង ក្នុងរយៈពេលជាង១ខែមកនេះ។ សូមបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ រដ្ឋធានីកៀវ និងទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន បានទទួលរងការវាយប្រហារដោយយន្តហោះដ្រូនអត្តឃាត ពីសំណាក់កងកម្លាំងរុស្ស៉ី ហើយបណ្តាលឱ្យជនស៉ីវិលមួយចំនួន បាត់បង់ជីវិត និងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

បើទោះជាទីក្រុងកៀវ ចោទថា រុស្ស៉ី បានដ្រូនទាំងនោះ មកពីអ៉ីរ៉ង់ក៏ដោយ ក៏ទីក្រុងតេហេរ៉ង់ នៅតែប្រកែកថា ខ្លួន មិនបានផ្គត់ផ្គង់ដ្រូន ឬមីស៉ីលឱ្យទីក្រុងមូស្គូ សម្រាប់ការប្រើប្រាស់ក្នុងសង្រ្គាមនៅអ៊ុយក្រែនឡើយ នេះបើតាមការចេញផ្សាយរបស់ AFP ។