បណ្តាញសង្គម

លោក Rishi Sunak នឹងឈរឈ្មោះជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស

អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស លោក Rishi Sunak បានបញ្ជាក់ថា លោក នឹងឈរឈ្មោះជា នាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស ជំនួសលោកស្រីនាយករដ្ឋមន្រ្តី Liz Truss ដែលបានលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។

លោក បាននិយាយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃអាទិត្យថា «ចក្រភពអង់គ្លេស គឺជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែយើង ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ»។ លោក បានសង្កត់ធ្ងន់ថា «នេះហើយជាមូលហេតុ ដែលខ្ញុំនឹងឈរឈ្មោះជាមេដឹកនាំគណបក្សអភិរក្ស និងជានាយករដ្ឋមន្ត្រីបន្ទាប់របស់អ្នក»។

សូមបញ្ជាក់ថា លោក Sunak បានចាញ់លោកស្រី Truss ក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រី ដើម្បីជំនួសលោក Boris Johnson កាលពីខែកញ្ញាកន្លងទៅ ខណៈលោកស្រី Truss បានក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងបានខ្លីជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្រអង់គ្លេស ពោល គឺបានត្រឹមរយៈពេលត្រឹមតែ ៤៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានលាលែងចេញពីតំណែង កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយសារតែគោលនយោបាយបន្ធូរបន្ថយពន្ធដ៏អប្រជាប្រិយភាព នេះបើតាមការផ្សាយរបស់ AFP ។