បណ្តាញសង្គម

ផ្ទុះបាតុកម្មទាមទារឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ បញ្ចេញជំនួយបន្ថែម ដើម្បីដោះស្រាយបញ្ហាអតិផរណា

មនុស្សរាប់ម៉ឺននាក់ បានប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងចំនួន៦ របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីទាមទារឱ្យរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកាបន្ថែម ក្នុងការដោះស្រាយបញ្ហាថាមពលឡើងថ្លៃ និងអតិផរណា។

បាតុកម្មតវ៉ា បានធ្វើឡើងនៅក្នុងទីក្រុងបែរឡាំង (Berlin), ឌូអេសសិនដូហ្វ (Duesseldorf), ហាន់ណូវឺ (Hannover), ស្ទូតហ្កាត (Stuttgart), ដ្រេះស្ដិន (Dresden) និងទីក្រុងហ្វ្រែនហ្វឺត (Frankfurt) ដោយមានមនុស្សជាង ២៤,០០០នាក់បានចូលរួម ក្នុងនោះមាន ១,៨០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងទីក្រុងបែងឡាំង។

សូមបញ្ជាក់ថា បាតុកម្មតវ៉ាខាងលើ កើតមានឡើងមួយថ្ងៃ បន្ទាប់ពីសភាអាល្លឺម៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានអនុម័តកញ្ចប់ថវិកា ១៩៥ពាន់លានដុល្លារ សម្រាប់រដ្ឋាភិបាលយកទៅដោះស្រាយបញ្ហាថាមពលឡើងថ្លៃ និងអតិផរណា ដែលកំពុងវាយប្រហារលើបណ្ដាប្រទេសជាច្រើនក្នុងតំបន់អឺរ៉ុប នេះបើតាមការផ្សាយរបស់ AFP។