បណ្តាញសង្គម

លោក បូរីស ចនសុន ប្រកាសដកខ្លួនពីការប្រជែងយកតំណែង ជាប្រធានបក្សអភិរក្សនិយម និងជានាយករដ្ឋមន្រ្តីអង់គ្លេស

(ឡុងដ៍)៖ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន កាលពីថ្ងៃអាទិត្យនេះ បានប្រកាសដកខ្លួនចេញពីការប្រជែងយកតំណែង ដើម្បីក្លាយជាមេដឹកនាំបន្ទាប់របស់ចក្រភពអង់គ្លេស ដោយលោកបាននិយាយថា លោកមានការគាំទ្រគ្រប់គ្រាន់ពីសមាជិកសភា ដើម្បីបន្តឆ្លងទៅដំណាក់កាលបន្ទាប់ ក៏ប៉ុន្តែសំឡេងគាំទ្រនោះគឺតិចជាងឆ្ងាយ បើធៀបជាមួយសំឡេងគាំទ្រ របស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក រីស្ស៉ី សូណាក់ (Rishi Sunak)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។ លោក ចនសុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ខ្ញុំមានឱកាសអាចនឹងទទួលបានជោគជ័យ ក្នុងដំណាក់កាលបោះឆ្នោត ពីសំណាក់សមាជិកបក្សអភិរក្សនិយម ហើយត្រឡប់មកការិយាល័យដោននីងស្រ្តីត (Downing Street) វិញ។

ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ ខ្ញុំបានឈានដល់សេចក្តីសន្និដ្ឋានថា នេះនឹងមែនជារឿងត្រឹមត្រូវ ដែលគួរធ្វើនោះឡើយ។ អ្នកមិនអាចដឹកនាំប្រទេសប្រកបដោយប្រសិទ្ធភាពនោះទេ លុះត្រាតែអ្នកមានគណបក្សមួយដែលរួបរួម នៅក្នុងសភា»។ គួរបញ្ជាក់ថា លោក ចនសុន បានចំណាយពេលចុងសប្តាហ៍កន្លងទៅនេះ ព្យាយាមបញ្ចុះបញ្ចូលសមាជិកសភាបក្សអភិរក្សនិយម ឱ្យផ្តល់ការគាំទ្រចំពោះរូបលោក ហើយកាលពីថ្ងៃអាទិត្យលោកបានអះអាងថា រូបលោកទទួលបានការគាំទ្រពីពួកគេចំនួន១០២នាក់។

ប្រសិនបើលោកមិនដកខ្លួនចេញដូចខាងលើទេនោះ នៅថ្ងៃចន្ទនេះលោក ចនសុន នឹងត្រូវប្រជែងតទល់គ្នាជាមួយលោក ស៊ូណាក់ ក្នុងការបោះឆ្នោតពីសំណាក់សមាជិកប្រហែល ១៧០,០០០នាក់ នៃបក្សអភិរក្សនិយម។ សម្រាប់លោក ស៊ូណាក់ ដែលការលាលែងពីតំណែងជារដ្ឋមន្រ្តីហិរញ្ញវត្ថុ កាលពីខែកក្កដា បានជួយផ្តួចផ្តើមឱ្យរដ្ឋាភិបាលលោក ចន សុន ដួលរលំនោះ គឺទទួលបានសំឡេងគាំទ្រពីសមាជិកសភាចំនួន១៤២នាក់ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅ។

លោក ស៊ូណាក់ នឹងត្រូវជាប់ជាប្រធានគណបក្សអភិរក្សនិយម ហើយក្លាយជានាយករដ្ឋមន្រ្តីថ្មីនៅថ្ងៃចន្ទនេះតែម្តង លុះត្រាបេក្ខជនម្នាក់ទៀតគឺលោកស្រី ផេននី ម័រដន (Penny Morduant) អាចទទួលបានសំឡេងគាំទ្រចាប់ពី១០០នាក់ឡើងទៅ ដើម្បីបង្ខំឱ្យមានការបោះឆ្នោតដំណាក់កាលបន្ទាប់ ប៉ុន្តែកាលពីថ្ងៃអាទិត្យលោកស្រី មានអ្នកប្រកាសគាំទ្រត្រឹម២៤នាក់ប៉ុណ្ណោះ៕

ដកស្រង់ពី៖Fresh News