បណ្តាញសង្គម

រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន នឹងលាលែងពីតំណែង ជុំវិញទំនាក់ទំនងជាមួយក្រុមសាសនា Unification Church

រដ្ឋមន្រ្តីសេដ្ឋកិច្ចជប៉ុន លោក Daishiro Yamagiwa គ្រោងនឹងលាលែងពីតំណែង ចំពោះមុខការអំពាវនាវកាន់តែខ្លាំងឡើងពីសំណាក់ក្រុមប្រឆាំង ដោយសារតែការបកស្រាយមិនគ្រប់គ្រាន់ អំពីទំនាក់ទំនងរបស់លោកជាមួយក្រុមសាសនា Unification Church។

ការសម្រេចលាលែងពីតំណែងរបស់លោក Yamagiwa នាពេលនេះ នឹងនាំឲ្យប៉ះទង្គិចដល់នាយករដ្ឋមន្ត្រី លោក Fumio Kishida ស្របពេលដែលការលាតត្រដាងអំពីទំនាក់ទំនង រវាងក្រុមសមាជិកសភា ជិតពាក់ កណ្តាល នៃគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាច ហើយនិងក្រុមសាសនា Unification Church បានក្លាយជាប្រធានបទ មានការយកចិត្តទុកដាក់ជាខ្លាំង ក្រោយអតីតនាយករដ្ឋមន្ត្រី អាបេ ស៊ីនហ្សូ ត្រូវគេធ្វើឃាត កាលពីខែកក្កដា។

សូមបញ្ជាក់ថា ការធ្វើឃាតលោក អាបេ នៅឯយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី៨ ខែកក្កដា បានធ្វើឲ្យមានការលេចចេញនូវភាពរស៉ើបអំពីទំនាក់ទំនង រវាងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យសេរី ជាមួយនិងក្រុមសាសនាខាងលើ ដែលបានអូសទាញកម្រិតប្រជាប្រិយភាព និងការគាំទ្ររបស់រដ្ឋាភិបាលលោក Kishida ធ្លាក់ដាំក្បាលចុះជាខ្លាំង នេះបើតាមការផ្សាយរបស់ AFP ។