បណ្តាញសង្គម

ចំនួនប្រជាជនលើពិភពលោក កើនដល់ ៨ពាន់លាននាក់ហើយ

កាលពីថ្ងៃអង្គារ អង្គការសហប្រជាជាតិ (UN) បានប្រកាសថា ចំនួនប្រជាជននៅលើពិភពលោក កើនដល់ចំនួន៨ពាន់លាននាក់ហើយ។ បើតាម UN កំណើនប្រជាជនខាងលើ គឺដោយសារការអភិវឌ្ឍរបស់មនុស្សលោក ខណៈមនុស្សភាគច្រើនអាចមានអាយុវែងៗ ដោយសារតែភាពប្រសើរឡើងនៃវិស័យសុខាភិបាលសាធារណៈ អាហារូបត្ថម្ភ ឱសថ ព្រមទាំងអនាម័យផ្ទាល់ខ្លួន។

ទន្ទឹមគ្នានេះ វាក៏ជាលទ្ធផលនៃអត្រាកំណើតខ្ពស់ ជាពិសេសនៅតាមប្រទេសក្រីក្រផងដែរ ដែលភាគច្រើន គឺនៅតំបន់ភាគខាងត្បូង នៃអនុវាលខ្សាច់សាហារ៉ាទ្វីបអាហ្រ្វិក ។ ធៀបនឹងចំនួនប្រជាជនពិភពលោក២.៥ពាន់លាននាក់ កាលពីឆ្នាំ១៩៥០ តួលេខឥឡូវ គឺច្រើនជាងលើសពី៣ដង។ យ៉ាងណាមិញ ក្រោយកើនដល់កម្រិតកំពូល នៅដើមទសវត្សរ៍ឆ្នាំ១៩៦០ អត្រាកំណើនប្រជាជនសកល បានថយចុះជាខ្លាំងមកទល់ពេលនេះ។ អត្រាកំណើនប្រចាំឆ្នាំ បានធ្លាក់ពីអត្រាដ៏ខ្ពស់ គឺ២.១% កាលពីចន្លោះឆ្នាំ១៩៦២-១៩៦៥ មកត្រឹមក្រោម១% នៅក្នុងឆ្នាំ២០២០។

UN បានព្យាករថា អត្រានេះ អាចនឹងបន្តធ្លាក់ថែមទៀត គឺដល់ខ្ទង់០.៥ភាគរយ នៅត្រឹមឆ្នាំ២០៥០ ដោយសារតែការបន្តថយចុះនៃអត្រាកំណើតថ្មី។ ចំនួនប្រជាជនពិភពលោក នឹងបន្តកើនដល់ប្រហែល ៨.៥ពាន់លាននាក់ នៅឆ្នាំ២០២០, ៩.៧ពាន់លាននាក់ នៅឆ្នាំ២០៥០ និងដល់ចំនួនកំពូល គឺប្រមាណ ១០.៤ពាន់លាននាក់ នៅអំលុងទសវត្សរ៍ឆ្នាំ២០៨០។

ដោយឡែក វិទ្យាស្ថាន IHME ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ធ្លាប់បានប៉ាន់ស្មានក្នុងការសិក្សាមួយ កាលពីឆ្នាំ២០២០ថា ប្រជាជនលើភពផែនដី នឹងបន្តកើនដល់ចំនួនច្រើនបំផុតនៅត្រឹមឆ្នាំ២០៦៤ តែមិនដល់ខ្ទង់១០ពាន់លាននាក់ឡើយ ហើយថយមកនៅ៨.៨ពាន់លាននាក់ ត្រឹមឆ្នាំ២១០០ នេះបើតាមការផ្សាយរបស់ AFP ។