បណ្តាញសង្គម

នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស ឆ្លងកូវីដ១៩ ជាលើកទី២

នាយករដ្ឋមន្រ្តីនៃប្រទេសអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) បានប្រកាស ឱ្យដឹងថា រូបលោកទើបតែធ្វើតេស្ត ចេញលទ្ធផលវិជ្ជមានចំពោះជំងឺកូវីដ១៩ កាលពីរសៀលថ្ងៃចន្ទ ហើយលោក នឹងបំពេញការងារពីផ្ទះ កំលុងពេលអនុវត្តវិធានការចត្តាឡីស័ក។

លោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «ខ្ញុំ លើកទឹកចិត្តឱ្យអ្នកទាំងឡាយ ដែលមានអារម្មណ៍មិនស្រួល ធ្វើតេស្តរកកូវីដ១៩ ហើយចាត់វិធានការបង្ការបន្ថែម ដើម្បីរក្សាសុវត្ថិភាពសមាជិកគ្រួសារ ក៏ដូចជាអ្នកជិតខាងរបស់ខ្លួន»។

អូស្រ្តាលី បានបិទបញ្ចប់កាតព្វកិច្ចចត្តាឡីស័កនៅតាមផ្ទះ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ កាលពីខែតុលាកន្លងទៅ។ សូមបញ្ជាក់ថា យោងតាមកាលវិភាគ លោក អាល់បានីស ត្រូវបានគ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ ប្រទេសប៉ាពូញូហ្គីណេ នៅថ្ងៃទី១២-១៣ ខែធ្នូ។ នេះ គឺជាលើកទីពីរហើយដែលលោក បានឆ្លងកូវីដ១៩ ខណៈលើកទីមួយ ដែលលោកឆ្លង គឺកាលពីខែមេសា កំលុងសប្តាហ៍ដំបូងនៃយុទ្ធនាការឃោសនាការបោះឆ្នោតសកលនៅក្នុងប្រទេសអូស្រ្តាលី នេះបើតាមការផ្សាយរបស់ AFP ។