បណ្តាញសង្គម

អ៊ីរ៉ង់ ចាប់ខ្លួនមនុស្ស ១២នាក់ មានទំនាក់ទំនងជាមួយអឺរ៉ុប ពាក់ព័ន្ធនឹងកុប្បកម្មនៅក្នុងប្រទេស

ទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានចាប់ខ្លួនសមាជិក ១២នាក់ នៃក្រុម ដែលមានទំនាក់ទំនងជាមួយអឺរ៉ុប ដែលត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការប្រព្រឹត្តអំពើបំផ្លិចបំផ្លាញ នៅក្នុង ប្រទេស។

សាធារណរដ្ឋអ៊ីរ៉ង់ ត្រូវបានរញ្ជួយអស់រយៈពេលជាងពីរខែមកហើយ ដោយសារអ្វីដែលប្រទេសនេះ ហៅថា ថា «កុប្បកម្ម» ដ៏សាហាវ ដែលខ្លួននិយាយថា ត្រូវបានបង្កឡើងដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងក្រុមប្រឆាំង ដែលមានមូលដ្ឋាននៅបរទេស។

អំពើហឹង្សាតាមដងផ្លូវ បានផ្ទុះឡើងនៅពាក់កណ្តាលខែកញ្ញា បន្ទាប់ពីការស្លាប់របស់កញ្ញា Mahsa Amini ស្ត្រីជនជាតិអ៊ីរ៉ង់អាយុ ២២ឆ្នាំ ដែលមានដើមកំណើតឃឺដ នៅក្នុងការឃុំឃាំងរបស់ប៉ូលីសសីលធម៌ក្នុងទីក្រុងតេហេរ៉ង់។

តាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានដកស្រង់ដោយ Tasnim កងឆ្មាំបដិវត្តន៍អ៊ីស្លាមនៅក្នុងខេត្ត Markazi ភាគនិរតីនៃទីក្រុងតេហេរ៉ង់ បាននិយាយថា ខ្លួន បានចាប់ខ្លួន បណ្តាញមួយ ដែលមានសមាជិក ១២នាក់ ដែលមានទំនាក់ទំនងនឹងភ្នាក់ងារប្រឆាំងបដិវត្តន៍ ដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់ ហើយបានអនុវត្តសកម្មភាពប្រឆាំងនឹងសន្តិសុខជាតិអ៊ីរ៉ង់ ដោយព្យាយាមទិញអាវុធ និងមានបំណងធ្វើអំពើវិទ្ធង្សនា នេះបើតាមការផ្សាយរបស់ AFP ។