បណ្តាញសង្គម

Samsung និង LG គ្រោងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារនៅវៀតណាម

រដ្ឋាភិបាលវៀតណាម បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូង Samsung និង LG គ្រោងនឹងវិនិយោគបន្ថែមរាប់ពាន់លានដុល្លារទៅកាន់ប្រទេសខ្លួន។

ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពី Samsung បានកាត់បន្ថយការផលិតស្មាតហ្វូនក្នុងប្រទេសវៀតណាមចំនួនពីរដងក្នុងឆ្នាំនេះ ដើម្បីឆ្លើយតបនឹងតម្រូវការពិភពលោកដែលធ្លាក់ចុះ។

រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Samsung Electronics ដែលជាអ្នកវិនិយោគបរទេសដ៏ធំបំផុតនៅក្នុងប្រទេសវៀតណាម នឹងបង្កើនការវិនិយោគសរុបរបស់ខ្លួននៅក្នុងប្រទេសដល់២០ ពាន់លានដុល្លារពី១៨ ពាន់លានដុល្លារ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ក្រុមហ៊ុន LG ក៏នឹងវិនិយោគ៤ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសនេះផងដែរ ដើម្បីធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលផលិតកាមេរ៉ាស្មាតហ្វូន។

សូមបញ្ជាក់ថា ការប្រកាសនេះ បានធ្វើឡើងនៅពេលដែលវៀតណាម និងកូរ៉េខាងត្បូង មានបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់ពួកគេ ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ" ដែលរហូតមកដល់ពេលនេះ វៀតណាម បានបង្កើតតែជាមួយប្រទេសចិន រុស្ស៊ី និងឥណ្ឌាប៉ុណ្ណោះ។ ប្រទេសទាំងពីរនេះ ក៏មានបំណងបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់១០០ ពាន់លានដុល្លារនៅឆ្នាំក្រោយ និងដល់១៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅឆ្នាំ២០៣០ កើនឡើងពី៧៨ ពាន់លានដុល្លារកាលពីឆ្នាំមុនផងដែរ នេះបើតាមការផ្សាយរបស់ Reuter កាលពីយប់ថ្ងៃអង្គារ។