បណ្តាញសង្គម

ការប្រយុទ្ធគ្នាដើម្បីដណ្តើមអំណាច កំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងក្នុងទីក្រុងខាទុំ នៃប្រទេសស៊ូដង់

 (ខាទុំ)៖ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាកំពុងលាន់ឮនៅកណ្តាលទីក្រុងខាទុំ (Khartoum) នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលកងទ័ពស៊ូដង់បានព្យាយាមរុញច្រានកងកម្លាំងទាហានប៉ារ៉ា (RSF) ឲ្យចេញពីតំបន់ជុំវិញវិមានប្រធានាធិបតី និងទីបញ្ជាការកងទ័ព ក្តីសង្ឃឹមអំពីបទឈប់បាញ់យូរអង្វែងនោះ ស្ថិតក្រោមភាពស្រពិចស្រពិល។

នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។ ភាគីម្ខាងៗហាក់ដូចជាកំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដីនៅក្នុងរដ្ឋធានីនេះ មុនពេលការចរចាមួយអាចកើតមានឡើង ប៉ុន្តែមេដឹកនាំនៃក្រុមទាំងពីរបង្ហាញឆន្ទៈតិចតួចក្នុងកិច្ចពិភាក្សា។

ការបាញ់ផ្លោងយ៉ាងខ្លាំងក៏បានផ្ទុះឡើង នៅក្នុងទីក្រុងជាប់គ្នានោះដែរ គឺទីក្រុងអូមឌូម៉ាន់ (Omdurman) និងទីក្រុងបាហ៍រី (Bahri)។ផ្នែកខាងកងទ័ពស៊ូដង់ អះអាងថាបានសម្លាប់ក្រុមទាហាន RSF និងបំផ្លាញយានជំនិះមួយចំនួន បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅក្នុងតំបន់យោធានៃទីក្រុងបាហ៍រី។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើងរយៈពេលជាង ២សប្តាហ៍ មកនេះ មនុស្សប្រហែល ១០០,០០០នាក់បានភៀសខ្លួន ចេញពីប្រទេសស៊ូដង់ទៅកាន់ប្រទេសជិតខាង ដោយមានតែអាហារ ឬទឹកតិចតួចប៉ុណ្ណោះ។ រីឯមនុស្សស្លាប់បានកើនឡើងដល់ ៥៥០នាក់ ខណៈអ្នករបួសមានចំនួន ៤,៩២៦នាក់៕

ដកស្រង់ពី៖ Fresh News