បណ្តាញសង្គម

លោក បៃដិន ថាការប្រយុទ្ធគ្នានៅស៊ូដង់ «ត្រូវតែបញ្ចប់» និងគំរាមដាក់ទណ្ឌកម្ម

 (វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការប្រយុទ្ធគ្នាអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងរដ្ឋធានីនៃប្រទេសស៊ូដង់ «ត្រូវតែបញ្ចប់» បើពុំដូច្នោះទេនឹងអនុញ្ញាត ឲ្យមានការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា លើអ្នកដែលទទួលខុសត្រូវចំពោះជម្លោះដ៏បង្ហូរឈាមនេះ។

នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។ លោក បៃដិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «អំពើហិង្សាដែលកើតឡើងនៅក្នុងប្រទេសស៊ូដង់គឺជាសោកនាដកម្មមួយ ហើយវាក្បត់នឹងការចង់បានរដ្ឋាភិបាលស៊ីវិលរបស់ប្រជាជនស៊ូដង់ ក៏ដូចជាការផ្លាស់ប្តូរប្រទេសទៅរកលទ្ធិប្រជាធិបតេយ្យ។

ការប្រយុទ្ធគ្នាបានឆក់យកជីវិតជនស៊ីវិលរាប់រយនាក់ ហើយបានចាប់ផ្តើមក្នុងអំឡុងខែដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាដន ដែលជារឿងមិនអាចទទួលយកបានឡើយ។ដូច្នេះវាត្រូវតែបញ្ចប់»។

កាលពីថ្ងៃព្រហស្បតិ៍ដដែលនេះ លោក បៃដិន ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីពង្រីកសិទ្ធិអំណាច ក្នុងការដាក់ទណ្ឌកម្មលើបុគ្គល ដែលជាអ្នកទទួលខុសត្រូវចំពោះការគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៃប្រទេសស៊ូដង់ ធ្វើឲ្យខូចដល់ការផ្លាស់ប្តូរប្រជាធិបតេយ្យ ការប្រើអំពើហិង្សាលើជនស៊ីវិល ឬប្រព្រឹត្តការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅដែលត្រូវកំណត់នោះទេ។

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមេសា ហើយបានសម្លាប់មនុស្សកើនឡើងដល់ ៧០០នាក់ ដែលភាគច្រើននៅក្នុងទីក្រុងខាទុំ (Khartoum) និងទីក្រុងដាហ្វួរ (Darfur)៕

ដកស្រង់ពី៖ Fresh News