បណ្តាញសង្គម

ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី ព្រមានដកកងកម្លាំងចេញពីទីក្រុង Bakhmut នៅសប្តាហ៍ក្រោយ

 (មូស្គូ)៖ លោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner Group បានចេញសេចក្តីប្រកាសភ្លាមៗនិងភ្ញាក់ផ្អើលមួយនាថ្ងៃសុក្រថា កងកម្លាំងរបស់លោកនឹងដកថយចេញពីទីក្រុងបាកមូត (Bakhmut) របស់អ៊ុយក្រែន ដែលពួកគេបានព្យាយាមដណ្តើមកាន់កាប់ ចាប់តាំងតែពីរដូវក្តៅឆ្នាំមុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។ លោក ព្រីហ្គោហ្ស៉ីន បានអះអាងថា កងកម្លាំង Wagner នឹងចាកចេញនៅថ្ងៃពុធសប្តាហ៍ក្រោយ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ដោយសារតែបានបាត់បង់សមាជិកយ៉ាងច្រើន ក្នុងសមរភូមិព្យាយាមវាយយកទីក្រុង Bakhmut បូករួមជាមួយបញ្ហាខ្វះខាតគ្រាប់រំសេវ។

លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ដោយតំណាងឱ្យអ្នកប្រយុទ្ធ និងក្រុមមេបញ្ជាការទាំងអស់របស់ Wagner ខ្ញុំសូមប្រកាសថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ពួកយើងនឹងផ្ទេរទីតាំងនានារបស់យើង នៅទីក្រុង Bakhmut ឱ្យទៅកងកម្លាំងរបស់ក្រសួងការពារជាតិរុស្ស៉ី ហើយដកកងកម្លាំង Wagner ដែលនៅសេសសល់ទៅកាន់ជំរំនៅសមរភូមិក្រោយវិញ ដើម្បីប៉ះប៉ូវកម្លាំងឡើងវិញ»។

លោក ព្រីហ្គោហ្ស៉ីន បានបកស្រាយថា រូបលោកសម្រេចចិត្តដកកងកម្លាំង Wagner ចេញពីទីក្រុង Bakhmut បែបនេះ គឺដោយសារបើនៅតែគ្មានគ្រាប់រំសេវគ្រប់គ្រាន់ទេនោះ ពួកគេត្រូវបានកំណត់ថា នឹងបាត់បង់ជីវិតដោយគ្មានន័យមិនខានឡើយ។

ក្រុម Wagner បាននិងកំពុងបន្តដឹកនាំកិច្ចប្រឹងប្រែងរបស់រុស្ស៉ី ដើម្បីដណ្តើមកាន់កាប់យកទីក្រុងនេះ ចាប់តាំងតែពីកំលុងរដូវក្តៅឆ្នាំ២០២២មកម្ល៉េះ ដែលជាសមរភូមិដ៏អូសបន្លាយនិងបង្ហូរឈាមខ្លាំងបំផុត នៃសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា យ៉ាងណាមិញ វាពុំច្បាស់ទេថា តើសេចក្តីថ្លែងការណ៍ខាងលើ របស់ថៅកែក្រុមហ៊ុន Wagner រូបនេះ អាចជឿទុកចិត្តបានដែរឬក៏អត់ ដ្បិតជារឿយៗ រូបលោកធ្លាប់បានបង្ហោះសារលក្ខណៈតាមតែអារម្មណ៍មួយពេលៗ កាលពីមុនមក។ តួយ៉ាង កាលពីសប្តាហ៍កន្លងទៅនេះ លោក ព្រីហ្គោហ្ស៉ីន ទើបតែបានលុបចោល សេចក្តីថ្លែងការណ៍មួយ ដែលលោកបានអះអាងថា គ្រាន់តែជាការនិយាយលេងសើចប៉ុណ្ណោះ៕

 

ដកស្រង់ពី៖ Fresh News