បណ្តាញសង្គម

តៃវ៉ាន់ ទទួលស្គាល់ថាកំពុងចរចាជាមួយអាមេរិក លើកញ្ចប់សព្វាវុធតម្លៃ ៥០០លានដុល្លារ

រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng កាលពីថ្ងៃចន្ទ បាននិយាយថា តៃវ៉ាន់ កំពុងស្ថិតក្នុងដំណើរការចរចាលើកញ្ចប់សព្វាវុធ ដែលមានតម្លៃ ៥០០លានដុល្លារ ពីទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០២៣នេះ ដើម្បីជាការប៉ះប៉ូវជុំវិញការពន្យារពេលបញ្ជូនអាវុធរបស់អាមេរិកមកកាន់តៃវ៉ាន់។

រដ្ឋមន្ត្រីការពារជាតិរូបនេះ បានគូសបញ្ជាក់ប្រាប់សមាជិកសភាតៃវ៉ាន់ នៅពេលត្រូវបានសាកសួរអំពីកញ្ចប់ជំនួយយោធាថា «ការប្រើប្រាស់កញ្ចប់ថវិកាចំនួន ៥០០លានដុល្លារអាមេរិកខាងលើនេះ គឺសំដៅផ្តល់ឲ្យយើងនូវអាទិភាពក្នុងការទទួលបានទំនិញភ្លាមៗ ករណីមានការពន្យារពេល ឬការដឹកជញ្ជូនមានភាពយឺតយ៉ាវណាមួយ ក្នុងដំណើរការទិញអាវុធ»។

លោក បានបន្ថែមថា «វាគួរតែត្រូវបានអនុវត្តនៅឆ្នាំ២០២៣ ដោយកញ្ចប់ថវិកា ៥០០លានដុល្លារនេះ មិនត្រូវបានរាប់បញ្ចូលក្នុងការលក់អាវុធពីមុននោះទេ ហើយថា តៃវ៉ាន់ នឹងស្នើសុំសភាជាមុន ក្នុងគោលដៅអាទិភាពរបស់ខ្លួន»។

យ៉ាងនេះក្តី លោក ឈូ មិនបានបញ្ជាក់លម្អិតអំពីប្រភេទអាវុធក្នុងកញ្ចប់យោធាថ្មីនេះទេ ដោយគ្រាន់តែនិយាយថា ព័ត៌មានលម្អិត នឹងត្រូវបញ្ជាក់ដោយភាគីទាំងពីរ ក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺអ្នកផ្គត់ផ្គង់អាវុធដ៏ចម្បងរបស់តៃវ៉ាន់ ប៉ុន្តែការសម្រេចនៅក្នុងខែកញ្ញា ឆ្នាំ២០២២ បានឈានទៅមុខមួយជំហានទៀត ពោល គឺធ្វើឲ្យការផ្តល់ជំនួយផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ កើនឡើងដល់ ៤.៥ពាន់លានដុល្លារត្រឹមក្នុងរយៈពេល ៤ឆ្នាំ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអង្គារ ។