បណ្តាញសង្គម

ឥណ្ឌូណេស៊ី បញ្ជាក់ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

 អង្គការសុខភាពសត្វពិភពលោក WOAH បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ី បានរាយការណ៍ពីការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅក្នុងកសិដ្ឋានមួយនៅលើកោះ Riau ក្បែរប្រទេសសិង្ហបុរី។

ការផ្ទុះឡើង ដែលបានសម្លាប់ជ្រូកចំនួន 35,297 ក្បាលក្នុងហ្វូងចំនួន 285,034 ក្បាលនៅកសិដ្ឋានមួយមានទីតាំងនៅលើកោះ Bulan ត្រូវបានរកឃើញកាលពីថ្ងៃទី១ ខែមេសា និងបានបញ្ជាក់កាលពីថ្ងៃទី២៨ ខែមេសា នេះបើតាមការដកស្រង់សម្តីអាជ្ញាធរឥណ្ឌូនេស៊ី។ ជំងឺប៉េស្តជ្រូកអាហ្រ្វិក មិនមានគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែអាចសម្លាប់សត្វជ្រូក។

វាបានញាំញីប្រទេសចិនអស់ជាច្រើនឆ្នាំ ជាមួយនឹងរលកដំបូងក្នុងកំឡុងឆ្នាំ២០១៨ និង២០១៩ ដោយបានសម្លាប់សត្វជ្រូករាប់លានក្បាល និងនាំទៅរកការថយចុះយ៉ាងខ្លាំងនៃទិន្នផលសាច់ ដែលធ្វើអោយទីផ្សារពិភពលោកមានការកើនឡើង។

ប្រទេសចិន កំពុងប្រឈមមុខនឹងការកើនឡើងនៃការឆ្លងថ្មីៗនៅឆ្នាំនេះ។ ប្រភពនៃការផ្ទុះឡើងរបស់ឥណ្ឌូនេស៊ី នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែអាជ្ញាធរពេទ្យសត្វ បានប្រាប់អង្គការ WOAH ថា មនុស្ស យានជំនិះ ចំណី សត្វរុយ និងជ្រូកព្រៃ ប្រហែលជាបានដើរតួយ៉ាងសំខាន់ក្នុងការនាំជំងឺប៉េស្តជ្រូកអាហ្រ្វិកចូលមកកសិដ្ឋាន។

ការស៊ើបអង្កេត បានចាប់ផ្តើម បន្ទាប់ពីជំងឺនេះ ត្រូវបានរកឃើញដោយទីភ្នាក់ងារចំណីអាហារសិង្ហបុរីនៅក្នុងសត្វជ្រូកនាំចូល នេះបើតាមការផ្សាយរបស់ Reuters។