បណ្តាញសង្គម

អតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៉ីន ចង់វិលចូលស្រុកវិញនៅខែកក្កដាខាងមុខ ខណៈការបោះឆ្នោតសកល នឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះ

 អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ បាននិយាយថា រូបលោក នឹងវិលត្រឡប់ចូលស្រុកវិញ នៅខែកក្កដាខាងមុខ ក្រោយការរស់នៅដោយនិរទេសខ្លួនអស់រយៈពេល១៧ឆ្នាំ។

ទោះលោក ថាក់ស៉ីន ធ្លាប់បានធ្វើសន្យាស្រដៀងគ្នាជាច្រើនលើកនាពេលកន្លងមកក្តី ការអះអាងខាងលើរបស់លោកតាមរយៈបណ្តាញ Twitter នេះ គឺជាលើកដំបូងបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលោកបានកំណត់នូវពេលវេលាជាក់លាក់មួយ។

សូមបញ្ជាក់ថា លោក ថាក់ស៉ីន ដែលសព្វថ្ងៃមានអាយុ៧៣ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ឆ្នាំ២០០៦ នៅពេលរដ្ឋាភិបាលលោក ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់។ លោកបានរស់នៅក្រៅប្រទេសរហូតមក ចាប់តាំងតែពីពេលនោះ លើកលែងតែកំលុងការត្រឡប់ចូកស្រុកមួយភ្លែត កាលពីឆ្នាំ២០០៨។

លោក បានរងការចោទប្រកាន់ពីបទរំលោភអំណាច ដែលលោកអះអាងថា ជាការចោទធ្វើឡើងក្រោមចេតនានយោបាយ។ ការប្រកាសចូលស្រុកវិញខាងលើរបស់លោក ថាក់ស៉ីន កើតឡើង ខណៈដែលគណបក្សភឿថៃ ដែលមានកូនស្រីរបស់លោក កំពុងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី បន្តរក្សាគម្លាតនាំមុខធំក្នុងការស្ទង់មតិ មុនការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា កូនស្រីលោក ថាក់ស៉ីន គឺអ្នកនាង ផែថោងថាន ស៉ីណាវ៉ាត់ ដែលមានអាយុ៣៦ឆ្នាំ ទើបតែសម្រាលកូនទី២របស់អ្នកនាង កាលពីសប្តាហ៍មុន ដែលត្រូវជាចៅទី៧ និងជាចៅពៅគេបង្អស់របស់លោក ថាក់ស៉ីន។

នាពេលនោះ លោក ថាក់ស៉ីន ក៏បានប្រកាសផងដែរថា រូបលោក នឹងត្រឡប់មកប្រទេសថៃវិញ ក្នុងពេលឆាប់ៗ ព្រោះលោកចង់ចំណាយពេលមើលថែទាំចៅៗ ដោយសារតែវ័យកាន់តែចាស់ទៅហើយ នេះបើតាមការផ្សាយរបស់ AFP ។