បណ្តាញសង្គម

នាវាផ្ទុកយន្តហោះចម្បាំងចិន សានទុង ត្រឡប់ចូលកំពង់ផែវិញ ក្រោយការចល័តដើម្បីដំឡើងសាច់ដុំ

 យោធាចិនកាលពីថ្ងៃពុធ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង បានវិលត្រឡប់ចូលកំពង់ផែរបស់ខ្លួនវិញហើយ នៅខេត្តហៃណាន កាលពីប៉ុន្មានថ្ងៃមុននេះ ក្រោយការចល័តរយៈពេលប្រមាណជា១ខែ ដែលរួមមានទាំងការធ្វើដំណើរឆ្លងកាត់ក្បែរកោះតៃវ៉ាន់ ដើម្បីចូលរួមសមយុទ្ធ និងការដំឡើងសាច់ដុំនៅឆ្ងាយពីឆ្នេរសមុទ្រប្រទេសចិន រហូតដល់តំបន់ប៉ាស៉ីហ្វិកខាងលិច។

ក្នុងឆ្នាំនេះ នាវាផ្ទុកយន្តហោះចម្បាំង សានទុង ត្រូវបានប្រទះឃើញនៅច្រកសមុទ្រតៃវ៉ាន់, ច្រកសមុទ្របាស៉ី ដែលនៅចន្លោះតៃវ៉ាន់ និងហ្វីលីពីន និងនៅក្បែរកោះហ្កាំរបស់សហរដ្ឋអាមេរិក។ កាលពីខែមេសាកន្លងទៅ នាវា សានទុង បានចូលរួមក្នុងសមយុទ្ធយោធា ដែលផ្តោតលើការហ្វឹកហាត់វាយប្រហារពីសំណាក់ក្រុមយន្តហោះចម្បាំង ដែលហោះចេញពីនាវាផ្ទុកយន្តហោះចម្បាំង ទៅលើកោះតៃវ៉ាន់ជាលើកដំបូង។

ការដំឡើងសាច់ដុំយោធារបស់ចិន កើតមានឡើង បន្ទាប់ពីមេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន បានជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាក់ខាធី ដែលជាទង្វើបានធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារខ្លាំង ដ្បិតចិនចាត់ទុកជំនួបនោះ ជាការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន និងជាការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអត្តសញ្ញាណដាច់ដោយឡែករបស់តៃវ៉ាន់ ពីប្រទេសចិន។

សូមបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង សានទុង ដែលត្រូវបានដាក់ដំណើរការជាផ្លូវការ កាលពីឆ្នាំ២០១៩ ស្ថិតក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំងចំនួន២របស់ចិន ដែលកំពុងធ្វើប្រតិបត្តិការ។ ចិន នៅមាននាវាផ្ទុកយន្តហោះចម្បាំងមួយទៀត ឈ្មោះថា ហ្វូជាន ប៉ុន្តែវាកំពុងស្ថិតក្រោមការធ្វើតេស្តសាកល្បងផ្សេងៗនៅឡើយ នេះបើតាមការផ្សាយរបស់ Reuters ។