បណ្តាញសង្គម

ប្រទេសនៅអាមេរិកខាងត្បូងមួយទៀត គ្រោងប្រើប្រាស់ប្រាក់យ៉ន់របស់ចិន សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ

ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធ ប្រធានាធិបតីនៃប្រទេសបូលីវី លោក ល្វីស អាកសេ បាន បង្ហាញពីការបើកចំហចំពោះការប្រើប្រាស់ប្រាក់យ៉ន់ចិន សម្រាប់ការធ្វើពាណិជ្ជកម្មអន្តរជាតិ ដោយលើក ឡើងពីវិធីសាស្រ្តស្រដៀងគ្នានេះរបស់ប្រទេសអាហ្សង់ទីន និងប្រេស៉ីល ដែលបានប្រើប្រាស់រូបិយប័ណ្ណ អាស៉ី មួយនេះ ដើម្បីធ្វើប្រតិបត្តិការទូទាត់ជាមួយចិន។

ការធ្វើប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ ជាធម្មតាតែងនិយមគិតតម្លៃជាប្រាក់ដុល្លារអាមេរិក ជាពិសេស សម្រាប់ទីផ្សារទំនិញសំខាន់ៗ ដូចជាថាមពល និងគ្រាប់ធញ្ញជាតិ និងត្រូវបានធ្វើឡើងរាប់ទសវត្សរ៍មក ហើយ។

លោក អាកសេ បានគូសបញ្ជាក់ថា «ប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនៅអាមេរិកខាង ត្បូង កំពុងធ្វើពាណិជ្ជកម្មជាប្រាក់យ៉ន់រួចហើយ ក្រោមកិច្ចព្រមព្រៀងជាមួយប្រទេសចិន ហើយវាប្រាកដនឹង ក្លាយជានិន្នាការនៅក្នុងតំបន់ ដូច្នេះបូលីវី ត្រូវដើរឱ្យទាន់គេដែរ»។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាហ្សង់ទីន បានប្រកាសកាលពីខែមុនថា នឹងចាប់ផ្តើមទូទាត់ប្រាក់លើការនាំចូលរបស់ចិន ជាប្រាក់យ៉ន់ជាជាងប្រាក់ដុល្លារអាមេរិក ដោយមួយផ្នែកធំ គឺដើម្បីការពារប្រាក់បម្រុងជាដុល្លារ ដែលធ្លាក់ចុះរបស់ធនាគារកណ្តាល ដែលត្រូវការដើម្បីទូទាត់បំណុល ក៏ដូចជាផ្តល់ហិរញ្ញប្បទានដល់ការនាំចូល។

ដោយឡែក កាលពីដើមឆ្នាំ ២០២៣នេះ ប្រទេសចិន និងប្រេស៉ីល បានចាប់ដៃគ្នាដើម្បីបន្ថយភាពគ្របដណ្តប់នៃលុយដុល្លារអាមេរិក ដោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរៀបចំយន្តការទូទាត់ថវិកាជាប្រាក់យ៉ន់ ដែលអាចជួយសម្រួលដល់ពាណិជ្ជកម្មទ្វេភាគី នេះបើតាមការផ្សាយរបស់ AFP ។