បណ្តាញសង្គម

ម៉ិកស៉ិកថា អាមេរិក បានបណ្តេញជនចំណាកស្រុកជិត ៣លាននាក់ នៅក្រោមចំណាត់ការរឹតត្បិតកូវីដ១៩

 អាជ្ញាធរនៃប្រទេសម៉ិកស៉ិក បានឱ្យដឹងថា ក្នុងរយៈពេល៣ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានបណ្តេញចេញ ពីប្រទេសខ្លួននូវជនចំណាកស្រុកសរុបជាង ២.៨លាននាក់ នៅឯច្រកព្រំដែន ក្រោមចំណាត់ការហៅថា Title 42 ជាចំណាត់ការរឹតត្បិត COVID-19 មួយ ដែលនឹងត្រូវផុតសុពលភាពមុនពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក)។

ក្រសួងមហាផ្ទៃម៉ិកស៉ិក បានឱ្យដឹងក្នុងសេចក្តីប្រកាសថា ក្នុងចំណោមជនចំណាកស្រុកចំនួន ២,៨២៥,៩៧០នាក់ ដែលត្រូវបានបណ្តេញចេញខាងលើ គឺការបណ្តេញភាគច្រើន ត្រូវបានធ្វើឡើងនៅព្រំ ប្រទល់រវាងអាមេរិក និងម៉ិកស៉ិក ហើយ៦នាក់ក្នុងចំណោម១០នាក់ គឺជាពលរដ្ឋម៉ិកស៉ិកផ្ទាល់ ដែលស្មើនឹង ១,៦១១,៧៤៦នាក់។

ចំណែកមួយភាគធំ នៃជនចំណាកស្រុកដទៃទៀត ដែលត្រូវបានបណ្តេញចេញពី ព្រំដែនភាគខាងត្បូងអាមេរិកនោះ គឺមកពីបណ្តាប្រទេសដូចជាក្វាតេម៉ាឡា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ និង នីការ៉ាហ្កា ជាដើម។

សូមបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២០ ចំណាត់ការ Title 42 ត្រូវបានដាក់ចេញដោយរដ្ឋបាលអតីត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយវាអនុញ្ញាតឱ្យសហរដ្ឋអាមេរិក អាចបណ្តេញជនចំណាក ស្រុក យ៉ាងឆាប់រហ័សចេញពីព្រំប្រទល់របស់ខ្លួន កំលុងការរាតត្បាតនៃជំងឺកូវីដ១៩។

មួយរយៈចុងក្រោយ នេះ ក្រុមជនចំណាកស្រុក បានចាប់ផ្តើមនាំគ្នាប្រមូលផ្តុំនៅប្រទេសម៉ិកស៉ិក តាមផ្នែកផ្សេងៗនៃព្រំប្រទល់ ជាមួយអាមេរិក ខណៈដែលចំណាតការ Title 42 នឹងត្រូវលុបចោលវិញ នេះបើតាមការផ្សាយរបស់ AFP ។