បណ្តាញសង្គម

អ្នកឡើងភ្នំ២នាក់ទៀតស្លាប់នៅ Everest នាំឱ្យចំនួនសរុបកើនដល់៧នាក់ កំលុងការឡើងភ្នំរដូវកាលនេះ

(កដ្ឋមណ្ឌូ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមអ្នករៀបចំការឡើងភ្នំបានឱ្យដឹងថា មនុស្ស២នាក់ទៀតហើយ បានបាត់បង់ជីវិតនៅលើភ្នំ Everest ជាហេតុនាំឱ្យចំនួនមនុស្សស្លាប់នៅភ្នំខ្ពស់បំផុតលើពិភពលោក បន្តកើនដល់៧នាក់ សម្រាប់ការឡើងភ្នំរដូវកាលនេះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣។ អ្នកឡើងភ្នំទាំង២នាក់ខាងលើ ដែលបានបាត់បង់ជីវិត គឺម្នាក់ជាស្រ្តីជនជាតិឥណ្ឌាអាយុ៥៨ឆ្នាំ និងម្នាក់ទៀតជាសមាជិកជនជាតិនេប៉ាល់ នៃក្រុមការងារដែលសំអាតសំរាមចេញពីលើភ្នំ Everest។

នេប៉ាល់បានផ្តល់ការអនុញ្ញាតដល់ជនបរទេសចំនួន៤៧៨នាក់ សម្រាប់ការឡើងភ្នំ Everest រដូវកាលនេះ ដែលនឹងបន្តរហូតដល់ដើមខែមិថុនា។ ដោយសារតែភាគច្រើនពួកគេត្រូវការអ្នកនាំផ្លូវ នោះមនុស្សសរុបប្រហែលជាង៩០០នាក់ នឹងព្យាយាមឡើងទៅកាន់កំពូលភ្នំនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ អ្នកឡើងភ្នំជនជាតិម៉ុលដាវីម្នាក់ ក៏ទើបបានបាត់បង់ជីវិតផងដែរនៅភ្នំ Everest ខណៈក្នុងខែនេះ អ្នកឡើងភ្នំម្នាក់ទៀត ជាជនជាតិអាមេរិកអាយុ៦៩ឆ្នាំ ក៏បានស្លាប់ដូចគ្នា។ ចំណែកឯកាលពីខែមេសា អ្នកឡើងភ្នំជនជាតិនេប៉ាល់៣នាក់ បានបាត់បង់ជីវិត នៅលើភ្នំនេះ។

ជាមធ្យម អ្នកឡើងភ្នំប្រហែល៥នាក់ តែងបាត់បង់ជីវិត រៀងរាល់ការឡើងភ្នំ Everest កំលុងរដូវកាលនេះ ប៉ុន្តែកាលពីឆ្នាំ២០១៩ មានអ្នកស្លាប់ដល់ទៅ១១នាក់៕

ដកស្រង់ពី៖ Fresh News