បណ្តាញសង្គម

លោក បៃដិន ប្រកាសកញ្ចប់ជំនួយយោធាថ្មីទំហំ៣៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងជំនួបជាមួយលោក ហ្សេលេនស្គី

 កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីទៀតសម្រាប់អ៊ុយក្រែន ដែលមានទំហំ៣៧៥លានដុល្លារ ក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្រៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសជប៉ុន។

លោកប្រធានាធីបតីអាមេរិក បាននិយាយថា កញ្ចប់ជំនួយយោធាខាងលើ រួមមានទាំងគ្រាប់រំសេវ កាំភ្លើងធំ រថពាសដែក និងការបណ្តុះបណ្តាល។ លោក ដៃបិន បានប្រាប់លោក ហ្សេលេនស្គី ថា សហរដ្ឋអាមេរិកកំពុងតែខំប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីជួយពង្រឹងការការពាររបស់អ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។

បើតាមសេតវិមាន ក្នុងជំនួបនោះ លោក បៃដិន ក៏បានជជែកផងដែរអំពីការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រឹងប្រែងរួមជាមួយបណ្តាប្រទេសជាសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីផ្តល់ការហ្វឹកហាត់ដល់ក្រុមពីឡុតអ៊ុយក្រែន ស្តីពីការប្រើប្រាស់យន្តហោះចម្បាំងជំនាន់ទី៤ ដូចជា F-16 ជាដើម។

សូមបញ្ជាក់ថា យោងតាមការិយាល័យរបស់លោក ហ្សេលេនស្គី លោកប្រធានាធិបតីអ៊ុយក្រែន បានសម្តែងការអរគុណចំពោះទីក្រុងវ៉ាស៉ីនតោន សម្រាប់កញ្ចប់ជំនួយយោធាថ្មីខាងលើ ក៏ដូចជាសម្រាប់ការផ្តល់ជំនួយផ្នែកសន្តិសុខ សរុបជាង៣៧ពាន់លានដុល្លារមកកាន់ប្រទេសរបស់លោក គិតចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី នេះបើតាមការផ្សាយរបស់ AFP ។