បណ្តាញសង្គម

កូរ៉េខាងជើង រៀបចំពិធីជួបជុំថ្កោលទោសសហរដ្ឋអាមេរិក និងព្រមានពីសង្រ្គាម នុយក្លេអ៊ែរ

កូរ៉េខាងជើង បានរៀបចំការប្រមូលផ្ដុំទ្រង់ទ្រាយដ៏ធំ ក្នុងទីក្រុងព្យុងយ៉ាង ជាទីដែលអ្នកចូលរួមរាប់ម៉ឺននាក់បានស្រែកធ្វើសង្រ្គាមសងសឹក ដើម្បីកម្ទេចសហរដ្ឋអាមេរិក នាឱកាសនៃការប្រារព្ធខួបលើកទី៧៣ នៃការផ្ទុះសង្រ្គាមកូរ៉េ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា មនុស្ស ១២០,០០០នាក់ រួមមានទាំងសិស្ស-និស្សិតផងដែរ បានចូលរួមក្នុងពិធីជួបជុំក្នុងរដ្ឋធានីព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។

រូបថតជាច្រើនសន្លឹកចេញផ្សាយដោយ KCNA ក៏បានបង្ហាញដែរពីមនុស្សម្នាកាន់ផ្ទាំងបដារ ដែលមានខ្លឹមសារថា «ទឹកដីសហរដ្ឋអាមេរិកទាំងមូល ស្ថិតនៅក្រោមចម្ងាយបាញ់របស់យើង ហើយពួកចក្រពត្តិអាមេរិកកំពុងបំផ្លាញសន្តិភាព»។ «កូរ៉េខាងជើងក្នុងពេលបច្ចុប្បន្ន មានអាវុធដ៏មានឥទ្ធិពល ដែលអាចដាក់ទោសលើពួកចក្រពត្តិអាមេរិក ...និងសងសឹកទៅលើសត្រូវ»។

នេះជាការបញ្ជាក់បន្ថែមរបស់ KCNA។ ដោយឡែក នៅក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ ខាងក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ដូចជាការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រមកកាន់តំបន់ឧបទ្វីបកូរ៉េ នឹងបង្កជាហានិភ័យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដែលដកស្រង់ការផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ។