បណ្តាញសង្គម

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រាប់ឱ្យក្រសួងបង្រួបបង្រួមជាតិ ឈប់ប្រកាន់ជំហរទន់ជ្រាយដាក់កូរ៉េខាងជើង

 ក្រោយទើបតែងតាំងរដ្ឋមន្រ្តីបង្រួបបង្រួមជាតិថ្មី កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កាលពីថ្ងៃអាទិត្យ បាននិយាយថា ក្រសួងបង្រួបបង្រួមជាតិកន្លងមកនេះ បានផ្តោតការយកចិត្តទុកដាក់ជ្រុលពេក ទៅលើការផ្តល់ជំនួយសម្រាប់កូរ៉េខាងជើង ហើយរឿងនេះ ត្រូវតែផ្លាស់ប្តូរចេញ។

យោងតាមអ្នកនាំពាក្យលោក យូន បានទទូចឱ្យក្រសួងក្រោកឈរ ដើម្បីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរី ហើយការបង្រួបង្រួមជាតិ គួរតែផ្តល់ជីវិតរស់នៅ ដែលគាប់ប្រសើរជាងមុនដល់ប្រជាជនទាំងនៅកូរ៉េខាងត្បូង និងនៅកូរ៉េខាងជើង។

សូមបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមជាតិថ្មី ដែលលោក យូន ទើបតែតែងតាំងក្នុងសប្តាហ៍នេះ គឺលោក គីម យុនហូ ដែលជាបញ្ញវន្តអភិរក្សនិយមម្នាក់ និងជាអ្នកធ្លាប់បញ្ចេញមតិរិះគន់ធ្ងន់ៗទៅលើកំណត់ត្រាសិទ្ធិមនុស្សរបស់កូរ៉េខាងជើង ខណៈលោក យូន កំពុងព្យាយាមបង្វែរចំណាប់អារម្មណ៍របស់អន្តរជាតិ ទៅលើស្ថានការណ៍សិទ្ធិមនុស្សនៅប្រទេសជិតខាងខ្លួនមួយនេះ ចំពោះមុខការកើនឡើងនៃភាពតានតឹងលើឧបទ្វីបកូរ៉េ នេះបើតាមការផ្សាយរបស់ AFP ។