បណ្តាញសង្គម

អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុប៤០នាក់ទៀត ចាកចេញពីប្រទេសរ៉ូម៉ានី

ក្រោយការបណ្តេញ កាលពីថ្ងៃសៅរ៍ អ្នកការទូត និងបុគ្គលិកស្ថានទូតរុស្ស៉ីសរុបចំនួន៤០នាក់ នៅទីក្រុងប៊ុយការ៉េស បានចាកចេញពីប្រទេសរ៉ូម៉ានី ក្រោយការបណ្តេញរបស់រដ្ឋាភិបាលរ៉ូម៉ានី ខណៈដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបានធ្លាក់ដុនដាប ចាប់តាំងពីរុស្ស៉ី បានឈ្លានពានលើអ៊ុយក្រែន។

ក្រសួងការបរទេសរ៉ូម៉ានី បានប្រកាសថា អ្នកការទូតរុស្ស៉ីចំនួន១១នាក់ ព្រមទាំងបុគ្គលិកទូតផ្នែកបច្ចេកទេស និងរដ្ឋបាល២៩នាក់ រួមជាមួយសមាជិកគ្រួសាររបស់ពួកគេ បានចាកចេញពីប្រទេសរ៉ូម៉ានី តាមរយៈជើងហោះហើរស៉ីវិលពិសេសមួយ ដែលជារបស់អាកាសចរណ៍រុស្ស៉ីផ្ទាល់។

ការសម្រេចចិត្តនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្ថានភាពបច្ចុប្បន្ននៃកម្រិតទំនាក់ទំនងទ្វេភាគី បន្ទាប់ពីទីក្រុងមូស្គូ បានបង្កសង្រ្គាមឈ្លានពានរបស់ខ្លួន ប្រឆាំងទៅលើអ៊ុយក្រែន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមិថុនា រដ្ឋាភិបាលរ៉ូម៉ានី បានដាក់សំណើឱ្យពួកគេចេញពីប្រទេស ដោយទុកពេលឱ្យទីក្រុងមូស្គូ៣០ថ្ងៃ ដើម្បីអនុវត្តតាម។

ដូចទៅនឹងប្រទេសអឺរ៉ុបដទៃទៀតដែរ ក្រោយមានការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន រ៉ូម៉ានី ដែលជាសមាជិកអង្គការណាតូ បានបណ្តេញក្រុមអ្នកការទូតរុស្ស៉ីជាបន្តបន្ទាប់ ក្រោមការសង្ស័យធ្វើសកម្មភាពចារកម្ម។បើតាមទីក្រុងប៊ុយការ៉េស មកទល់ពេលនេះ ចំនួនបុគ្គលិកនៃស្ថានទូតរុស្ស៉ីនៅរ៉ូម៉ានី ត្រូវបានកាត់បន្ថយដល់ជាងពាក់កណ្តាលហើយ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។