បណ្តាញសង្គម

អគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងឡាហាវ៉ាន់ ថាលោក ពូទីន ទទួលបានការអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅគុយបា ប៉ុន្តែមិនច្បាស់ថា លោកមានផែនការបែបណាឡើយ

 (ឡាហាវ៉ាន់)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំប្រទេសគុយបា បាននិយាយថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន គឺមានការអញ្ជើញឱ្យមកបំពេញទស្សនកិច្ច នៅប្រទេសដែនកោះនៃតំបន់សមុទ្រការីបង់មួយនេះ ប៉ុន្តែលោកបានបញ្ជាក់ថា វាហាក់ឆាប់ពេកនៅឡើយ ក្នុងការនិយាយអំពីការត្រៀមរៀបចំ សម្រាប់ដំណើរទស្សនកិច្ចនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ អគ្គរដ្ឋទូតរុស្ស៉ីប្រចាំគុយបា លោក វិគទ័រ កូរ៉ូណេលលី (Viktor Koronelli) បានប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៉ី RIA យ៉ាងដូច្នេះថា «លោក វ៉្លាឌីមៀ ពូទីន មានការអញ្ជើញឱ្យទៅបំពេញទស្សនកិច្ច ប៉ុន្តែខ្ញុំមិនច្បាស់ថា ផែនការរបស់លោក នឹងត្រូវរៀបចំបែបណាឡើយ។

ចំណែក ប្រធានាធិបតីគុយបា ទើបតែបានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ មិនយូរប៉ុន្មាននោះទេ គឺកាលពីខែវិច្ឆិកា ឆ្នាំ២០២២»។ នៅពេលជួបលោក ពូទីន កាលពីឆ្នាំមុន ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់-កាណេល (Miguel Diaz-Canel) បាននាំយកសារសួរសុខទុក្ខផ្ទាល់ ពីសំណាក់អតីតមេដឹកនាំគុយបា លោក រ៉ាអ៊ូល កាស្រ្តូ (Raul Castro) ជូនដល់លោក ពូទីន ហើយបានថ្កោលទោសចំពោះ ការដាក់ទណ្ឌកម្មរបស់លោកខាងលិច មកលើប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា សព្វថ្ងៃ លោក ពូទីន កំពុងស្ថិតក្រោមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពាក់ព័ន្ធទៅនឹង ឧក្រិដ្ឋកម្មសង្រ្គាមក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ដីកានោះតម្រូវឱ្យប្រទេសចំនួន១២៣ ដែលជាភាគីនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមរបស់ ICC ត្រូវចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ប្រសិនបើរូបលោកហ៊ានឈានជើង ជាន់លើទឹកដីរបស់ពួកគេ។

យ៉ាងណាមិញ គុយបាមិនមែនជារដ្ឋភាគីនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមនោះឡើយ។ គុយបានិងរុស្ស៉ី ដែលជាសម្ព័ន្ធមិត្តនយោបាយយូរអង្វែង មកហើយនោះ និងសុទ្ធតែជាប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ត្រូវគេសង្កេតឃើញថា បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ច តាមរយៈការសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីចំណាត់ការរឹតត្បិតទាំងនោះ៕

ដកស្រង់ពី៖ Fresh News