បណ្តាញសង្គម

ជីដូនរបស់យុវជនដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់ ចេញមុខអំពាវនាវឱ្យបញ្ឈប់សកម្មភាពកុបកម្មដ៏ហិង្សា

 (ប៉ារីស)៖ ជីដូនរបស់យុវជនម្នាក់ ដែលត្រូវបានប៉ូលិសបារាំងបាញ់សម្លាប់នៅជាយក្រុងប៉ារីស កាលពីសប្តាហ៍មុន បានចេញមុខអំពាវនាវកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ឱ្យក្រុមកុបករនាំគ្នាបញ្ឈប់សកម្មភាពដ៏ហិង្សារបស់ពួកគេ ដែលផ្ទុះឡើងដោយសារតែការស្លាប់របស់ចៅប្រុសលោកយាយ បន្ទាប់ភាពចលាចលបានប្រព្រឹត្តទៅនៅទូទាំងប្រទេស អស់រយៈពេលជាច្រើនខែថ្ងៃមកហើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។ ចលនាកុបកម្មយ៉ាងហិង្សានៅបារាំង បានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារសប្តាហ៍មុន នៅពេលដែលយុវជនអាយុ១៧ឆ្នាំម្នាក់ ឈ្មោះ ណាហែល អឹម (Nahel M) ត្រូវបានប៉ូលិសបាញ់សម្លាប់នៅឯតំបន់ណង់ទែរ (Nanterre) ជាយក្រុងប៉ារីស ក្រោយមិនព្រមឈប់រថយន្តតាមការបង្គាប់ ខណៈបុណ្យសពយុវជនរូបនោះ ទើបតែត្រូវបានប្រារព្ធឡើង កាលពីថ្ងៃសៅរ៍។

ចំណែកឯ នៅថ្ងៃអាទិត្យកន្លងទៅនេះ ជីដូនរបស់ ណាហែល ឈ្មោះ ណាឌា (Nadia) បានលើកឡើងក្នុងបទសម្ភាសន៍មួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «ចំពោះក្រុមអ្នកដែលកំពុងតែបង្កការបំផ្លិចបំផ្លាញ នាពេលនេះ ខ្ញុំសូមអំពាវនាវឱ្យពួកគេបញ្ឈប់សកម្មភាពទាំងអស់នោះ។

ពួកគេកំពុងប្រើប្រាស់ការស្លាប់របស់ ណាហែល ធ្វើជាលេស»។ គួរបញ្ជាក់ថា កាលពីយប់ថ្ងៃអាទិត្យ ប៉ូលិស៤៥,០០០នាក់ ត្រូវបានបន្តដាក់ពង្រាយ នៅតាមទីក្រុងទូទាំងប្រទេសបារាំង ដើម្បីបង្រ្កាបក្រុមកុបករដែលជាច្រើនថ្ងៃមកនេះ បានដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ចូលលួចឥវ៉ាន់តាមហាង ហើយវាយប្រហារលើសាលាក្រុង និងស្ថានីយប៉ូលិស រួមមានទាំងគេហឋានរបស់ចាយក្រុងម្នាក់ នៅជាយក្រុងប៉ារីសផងដែរ ដែលជាហេតុបង្កឱ្យភរិយាចាយហ្វាយក្រុងរូបនោះ រងរបួស។

គិតចាប់តាំងពីភាពវឹកវរបានផ្ទុះឡើងមកទល់ពេលនេះ អាជ្ញាធរបារាំងបានចាប់ខ្លួន មនុស្សសរុបជាង៣,០០០នាក់ហើយ ខណៈតួលេខនៃការចាប់ខ្លួនបានចាប់ផ្តើមថយចុះ ប៉ុន្តែវាមិនទាន់ច្បាស់ថា ភាពវឹកវរបានចប់ហើយឬនៅនោះទេ។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ខំចិត្តផ្អាកគម្រោងបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីផ្តោតមកលើ ការស្វែងរកដំណោះស្រាយសម្រាប់វិបត្តិក្នុងស្រុកនេះ។

រូបលោកនឹងត្រូវជួបជាមួយ ថ្នាក់ដឹកនាំនៃសភាបារាំងនាថ្ងៃចន្ទនេះ ហើយនឹងត្រូវជួបនៅថ្ងៃអង្គារ ជាមួយចាហ្វាយក្រុងនិងទីក្រុងសរុបជាង២២០ ដែលបានទទួលរងការប៉ះពាល់ ដោយសារសកម្មភាពកុបកម្ម៕