បណ្តាញសង្គម

លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស លីទុយអានី និងហ្វាំងឡង់

 ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់អឺរ៉ុប សម្រាប់ដំណើរទស្សនកិច្ច ក្នុងប្រទេសចំនួន៣ ក្នុងនោះរួមមានទាំងចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងប្រទេសលីទុយអានី ដោយផ្ដោត ជាសំខាន់លើការពង្រឹងក្រុមចម្រុះអន្តរជាតិ គាំទ្រអ៊ុយក្រែន ខណៈទីក្រុងកៀវ កំពុងដឹកនាំប្រតិបត្តិការវាយ បកប្រឆាំងនឹងកងកម្លាំងរុស្ស៉ី។

បើតាមសេតវិមាន លោក បៃដិន គ្រោងនឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស នៅថ្ងៃទី៩ ខែកក្កដា ក្រោយមកឆ្ពោះទៅកាន់រដ្ឋធានីវីលនីញូស (Vilnius) នៃប្រទេសលីទុយអានី ដើម្បី ចូលរួមកិច្ចប្រជុំកំពូល NATO មុននឹងបន្តដំណើរឆ្ពោះទៅកាន់ទីក្រុងហែលស៊ិនគី នៃប្រទេសហ្វាំងឡង់។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូល NATO កើតមានឡើង ចំពេលសហរដ្ឋអាមេរិក កំពុងជួយជ្រោមជ្រែងឱ្យស៊ុយអែត ក្លាយជាសមាជិក NATO នៅចំពោះមុខការជំទាស់ពីប្រទេសទួគី និងហុងគ្រី។

នៅមុនដំណើរទស្សនិច្ចទៅអឺរ៉ុប លោក បៃដិន នឹងត្រូវជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត នៅសេតវិមាននៅថ្ងៃពុធសប្ដាហ៍នេះ ដើម្បីជជែកគ្នាពីសមាជិកភាព NATO របស់ស៊ុយអែត នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃចន្ទ ។