បណ្តាញសង្គម

រុស្ស៉ីអះអាងថា អ៊ុយក្រែនប្រើដ្រូនវាយប្រហារលើទីក្រុងមូស្គូនិងតំបន់ជុំវិញ, ដ្រូន៥គ្រឿង ត្រូវបានបាញ់ទម្លាក់

  (មូស្គូ)៖ នៅថ្ងៃអង្គារនេះ រុស្ស៉ីបានអះអាងថា អ៊ុយក្រែនបានបើកការវាយប្រហារមួយដោយប្រើប្រាស់ដ្រូន មកលើទីក្រុងមូស្គូនិងតំបន់ជុំវិញ ដែលវាបានបង្កការរំខានដល់ ប្រតិបត្តិការជើងហោះហើរ នៅឯអាកាសយានដ្ឋានមួយកន្លែង របស់រដ្ឋធានីនៃប្រទេសរុស្ស៉ី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កាលពីព្រឹកថ្ងៃអង្គារនេះ យើងបានទប់ស្កាត់ការប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម របស់រដ្ឋាភិបាលទីក្រុងកៀវ តាមរយៈការបាញ់ស្កាត់យន្តហោះដ្រូន៥គ្រឿង»។

យន្តហោះដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់នៅក្នុងបរិវេណតំបន់មូស្គូ ដែលជាតំបន់នៅជុំវិញរដ្ឋធានីមូស្គូ ហើយពុំមានការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ឡើយ។ យ៉ាងណាមិញ ការចុះចតនិងហោះឡើង នៅអាកាសយានដ្ឋាន នូកូវ៉ូ (Vnukovo) របស់ទីក្រុងមូស្គូ ត្រូវបានផ្អាកអស់រយៈពេលប៉ុន្មានម៉ោង មុនត្រូវបានអនុញ្ញាតឱ្យបន្តប្រតិបត្តិការ ជាធម្មតាឡើងវិញ។

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ មិនទាន់មានការអត្ថាធិប្បាយណាមួយនៅឡើយទេ ពីសំណាក់ទីក្រុងកៀវ ជុំវិញការអះអាងរបស់ទីក្រុងមូស្គូ។ កន្លងមក អ៊ុយក្រែនពុំធ្លាប់ចេញមុខទទួលខុសត្រូវជាសាធារណៈនោះឡើយ សម្រាប់ការវាយប្រហារនៅក្នុងទឹកដីប្រទេសរុស្ស៉ីផ្ទាល់ ឬមួយក៏នៅតំបន់គ្រីមៀ ជាឧបទ្វីបដែលត្រូវបានរុស្ស៉ីក្រសោបយកទៅពីអ៊ុយក្រែន កាលពីឆ្នាំ២០១៤៕

ដកស្រង់ពី៖ Fresh News