បណ្តាញសង្គម

ការកាប់បំផ្លាញព្រៃអាម៉ាហ្សូននៅប្រទេសប្រេស៉ីល ថយចុះគួរឱ្យកត់សម្គាល់ អំលុងឆមាសដំបូងនៃឆ្នាំ២០២៣

 (ប្រាស៉ីលីយ៉ា)៖ ទិន្នន័យបឋមរបស់រដ្ឋាភិបាលប្រេស៉ីល បានបង្ហាញឱ្យឃើញថា ការកាប់បំផ្លាញព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូន នៅប្រទេសអាមេរិកឡាទីនមួយនេះ បានថយចុះ៣៤ភាគរយ អំលុងរយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ដែលជាកម្រិតដ៏ទាបបំផុត គិតក្នុងរយៈពេល៤ឆ្នាំ ស្របពេលដែលប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីអូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បានដាក់ចេញគោលនយោបាយបរិស្ថានតឹងរ៉ឹងជាងមុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។ របាយការណ៍ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយទីភ្នាក់ងារស្រាវជ្រាវ Inpe របស់ប្រេស៉ីល បានបង្ហាញថា ព្រៃអាម៉ាហ្សូននៅលើផ្ទៃដីទំហំ ២,៦៤៩គីឡូម៉ែត្រក្រឡា ត្រូវបានកាប់បំផ្លាញនៅក្នុងប្រទេសប្រេស៉ីល អំលុងរយៈពេល៦ខែនៃឆ្នាំនេះ ដែលជាកម្រិតទាបបំផុតនៃការឆ្ការព្រៃទាក់ទាញទឹកភ្លៀងនេះ គិតចាប់តាំងពីឆ្នាំ២០១៩មក។

លោក Lula ដែលបានឡើងកាន់អំណាចកាលពីខែមករា ឆ្នាំនេះ បានសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃអាម៉ាហ្សូនរបស់ប្រេស៉ីល ឱ្យបានទាំងស្រុង នៅត្រឹមឆ្នាំ២០៣០ បន្ទាប់ពីការបំផ្លិចបំផ្លាញមានសន្ទុះឡើងខ្លាំង នៅក្រោមជំនាន់អតីតប្រធានាធិបតី លោក ហ្សាអៀរ បូលសូណារ៉ូ (Jair Bolsonaro) ដែលបានកាត់បន្ថយកិច្ចប្រឹងប្រែងការពារបរិស្ថាន។

គួរបញ្ជាក់ថា អំលុងអាណត្តិឆ្នាំ២០១៩-២០២២ របស់លោក បូលសូណារ៉ូ ការកាប់បំផ្លាញព្រៃទាក់ទាញទឹកភ្លៀងអាម៉ាហ្សូននៅប្រេស៉ីល បានកើនដល់ដល់កម្រិត៧៥ភាគរយ ធៀបនឹងកម្រិតជាមធ្យមនៃទសវត្សរ៍កន្លងទៅ។ អតីតមេដឹកនាំស្តាំនិយមរូបនោះ បានអំពាវនាវឱ្យមានសកម្មភាពឆ្ការព្រៃដើម្បីធ្វើកសិកម្មនិងរុករុករ៉ែឱ្យខ្លាំងក្លាជាងមុន នៅតាមតំបន់ដែលមានការការពារ ក្រោមហេតុផលថា វានឹងជួយលើកតំបន់ទាំងនោះឱ្យចេញផុតពីភាពក្រីក្រ៕