បណ្តាញសង្គម

មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន គ្រោងជួបមុខគ្នានៅក្រៅកិច្ចប្រជុំកំពូល NATO នាសប្តាហ៍ក្រោយ

 មន្រ្តីនៃការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបង្ហើបឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងត្បូង កំពុង ធ្វើការសម្របសម្រួលគ្នាជាមួយជប៉ុន ដើម្បីរៀបចំឱ្យមានជំនួបពិភាក្សារវាងមេដឹកនាំនៃប្រទេសទាំងពីរ នៅ អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលនឹងប្រព្រឹត្តទៅក្នុងប្រទេសលីទុយអានី នាសប្តាហ៍ ក្រោយ។

ទីប្រឹក្សារងសន្តិសុខជាតិរបស់ប្រធានាធីបតីកូរ៉េខាងត្បូង បាននិយាយថា លោកប្រធានាធិបតី យូន ស៊ុក យុល នឹងចាកចេញពីទីក្រុងសេអ៊ូល នៅថ្ងៃចន្ទសប្តាហ៍ក្រោយ សម្រាប់ការធ្វើដណើរមួយ ដែលនឹងរួមមាន ការបំពេញទស្សនកិច្ចនៅប៉ូឡូញផងដែរ។

សូមបញ្ជាក់ថា គម្រោងជំនួបពិភាក្សាខាងលើជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៉ីដា គឺទំនងជា ដើម្បីជជែកអំពីផែនការបង្ហូរទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម ដែលបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្មរួច ចេញពី រោងចក្រថាមពលនុយក្លេអ៊ែរជប៉ុន ហ្វូគូស៉ីម៉ា ដែលបានរងការខូចខាតដោយសារស៊ូណាមិ កាលពីឆ្នាំ ២០១១ ចូលទៅក្នុងមហាសមុទ្រប៉ាស៉ីហ្វិក។

នៅក្នុងសប្តាហ៍នេះ ទីភ្នាក់ងារថាមពលអាតូមិក IAEA របស់ អង្គការសហប្រជាជាតិ ទើបតែបានសម្រេចផ្តល់គាំទ្រចំពោះគម្រោងរបស់ទីក្រុងតូក្យូ ក្នុងការធ្វើបែបនោះ នេះបើតាមការចេញផ្សាយរបស់ AFP នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៣។