បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានទៅដល់ទីក្រុងប៉េកាំង ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទំនាក់ទំនងរបស់ពួកគេ

 រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានទៅដល់ទីក្រុងប៉េកាំងហើយ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពតានតឹង បង្កឡើងដោយបញ្ហាសន្តិសុខ បច្ចេកវិទ្យា និងបញ្ហាផ្សេងៗទៀត ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Yellen គ្រោងនឹងផ្តោតលើស្ថិរភាពសេដ្ឋកិច្ចពិភពលោក និងការទប់ស្កាត់ការរគាំទ្ររបស់ចិនចំពោះរុស្ស៊ី ក្នុងអំឡុងពេលការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន នេះបើយោងតាមមន្ត្រីក្រសួងរតនាគារនៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកយកព័ត៌មានមុនដំណើរទស្សនកិច្ចនេះ។

រដ្ឋមន្ត្រីរតនាគារអាមេរិករូបនេះ ក៏គ្រោងនឹងជួបជាមួយមន្ត្រីចិន អ្នកជំនួញអាមេរិក និងសាធារណជន។ ប៉ុន្តែទោះយ៉ាងណា មិនមានព័ត៌មានលម្អិតទេលើរឿងនេះ ដោយគ្រាន់តែដឹងថា លោកស្រី Yellen នឹងមិនជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នោះទេ។

ដំណើរទស្សនកិច្ចនេះ បានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ លោក Anthony Blinken កាលពីពេលថ្មីៗនេះ ដែលជាដំណើរទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ទៅកាន់ទីក្រុងប៉េកាំងក្នុងរយៈពេលប្រាំឆ្នាំ។ ប្រទេសទាំងពីរ បានព្រមព្រៀងរក្សាស្ថិរភាពទំនាក់ទំនង ប៉ុន្តែបានបរាជ័យក្នុងការព្រមព្រៀងលើការកែលម្អទំនាក់ទំនងរវាងយោធាទាំងពីរ។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានជួបភាពល្អក់កករខ្លាំង ដែលបង្កឡើងដោយការប្រកួតប្រជែងលើបច្ចកវិទ្យា សន្តិសុខ គោលនយោបាយការបរទេសដ៏រឹងមាំរបស់ចិន និងការទាមទារលើសមុទ្រចិនខាងត្បូង និងតំបន់ផ្សេងទៀត។ ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែតានតឹងជាពិសេស បន្ទាប់ពីបាឡុងរបស់ចិន ត្រូវបានបាញ់ទម្លាក់កាលពីខែកុម្ភៈ នេះបើតាមការផ្សាយរបស់ AFP ។