បណ្តាញសង្គម

អាល្លឺម៉ង់នឹងបញ្ជូនទ័ពទៅអូស្រ្តាលីជាលើកដំបូង ខណៈកំពុងបង្វែរការយកចិត្តទុកដាក់ មកកាន់ឥណ្ឌូ-ប៉ាស៉ីហ្វិក

 (បែរឡាំង)៖ អាល្លឺម៉ង់នឹងបញ្ជូនកងកម្លាំងជាលើកដំបូងទៅកាន់ប្រទេសអូស្រ្តាលី ក្រោមក្របខណ្ឌនៃការធ្វើសមយុទ្ធយោធារួម ដែលនឹងមានវត្តមានទាហានសរុបប្រមាណ៣០,០០០នាក់ មកពី១២ប្រទេសផ្សេងៗ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។ ការចល័តកងទ័ពអាល្លឺម៉ង់ខាងលើគូសរំលេចឱ្យឃើញពី ការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់ទីក្រុងបែរឡាំងមកកាន់តំបន់ឥណ្ឌូប៉ាស៉ីហ្វិក ចំពោះការកើនឡើងនៃភាពតានតឹងជាមួយចិន នៅក្នុងតំបន់។

ប៉ុន្មានឆ្នាំចុងក្រោយនេះ អាល្លឺម៉ង់បានចាប់ផ្តើមបង្កើនវត្តមានយោធារបស់ខ្លួន ជាងមុននៅឥណ្ឌូ-ប៉ាស៉ីហ្វិក ទោះបីជាវាធ្វើឱ្យទីក្រុងបែរឡាំងត្រូវថ្លឹងថ្លែងដោយការប្រុងប្រយ័ត្ន រវាងផលប្រយោជន៍សន្តិសុខនិងសេដ្ឋកិច្ច ក៏ដោយ។

ចិនគឺជាដៃគូពាណិជ្ជកម្មសំខាន់បំផុតរបស់អាល្លឺម៉ង់ ហើយ៤០ភាគរយនៃការធ្វើពាណិជ្ជកម្មបរទេសរបសអឺរ៉ុប គឺត្រូវហូរឆ្លងកាត់សមុទ្រចិនខាងត្បូង ដែលជាតំបន់ផ្លូវទឹកដ៏សំខាន់នៃបញ្ហាជម្លោះទឹកដី នៅឥណ្ឌូ-ប៉ាស៉ីហ្វិក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ នាវាចម្បាំងអាល្លឺម៉ង់១គ្រឿង បានបើកឆ្លងកាត់សមុទ្រចិនខាងត្បូងជាលើកដំបូង គិតក្នុងរយៈពេលជិត ២០ឆ្នាំ។ រីឯកាលពីឆ្នាំ២០២២ ទីក្រុងបែរឡាំងបានបញ្ជូនយន្តហោះយោធា១៣គ្រឿង ឱ្យមកចូលរួមសមយុទ្ធនៅអូស្រ្តាលី ដែលជាការចល័តយន្តហោះយោធាច្រើនបំផុតរបស់អូស្រ្តាលី អំលុងសម័យកាលមិនមានសង្រ្គាម។

ដោយឡែកបើតាមមេបញ្ជាការទ័ពជើងគោករបស់អាល្លឺម៉ង់ ទាហានអាល្លឺម៉ង់២៤០នាក់ ក្នុងនោះមានកងឆត្រយោង១៧០នាក់ ព្រមទាំងកងម៉ារីន៤០នាក់ នឹងចូលរួមក្នុងសមយុទ្ធ Talisman Sabre ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី៤ ខែសីហា ដែលជាសមយុទ្ធយោធាធំបំផុតរវាងអូស្រ្តាលីនិងសហរដ្ឋអាមេរិក ហើយប្រារព្ធឡើង២លើក ក្នុងមួយឆ្នាំ៕

ដកស្រង់ពី៖ Fresh News