បណ្តាញសង្គម

អាហ្រ្វិកខាងត្បូង៖ កិច្ចប្រជុំកំពូល BRICS នឹងត្រូវរៀបចំដោយផ្ទាល់ ទោះជាមានដីកាចាប់ខ្លួនលោក ពូទីន (Video inside)

(ចូហាន់ណេសបឺគ)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៉ីរីល រ៉ាម៉ាហ្វូសា (Cyril Ramaphosa) បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា កិច្ចប្រជុំកំពូល BRICS ដែលគ្រោងរៀបចំនៅខែសីហាខាងមុខនេះ ហើយដែលលោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានអញ្ជើញឲ្យចូលរួមដែរនោះ នឹងនៅតែត្រូវធ្វើឡើងដោយផ្ទាល់ បើទោះបីជាមានដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៉ីរូបនេះក៏ដោយ។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។ លោក រ៉ាម៉ាហ្វូសា បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទរបស់គណបក្ស ANC ដែលកំពុងកាន់អំណាចយ៉ាងដូច្នេះថា «ការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំកំពូល BRICS កំពុងដំណើរការ ហើយយើងកំពុងបញ្ចប់ការពិភាក្សាទៅលើទម្រង់នៃការរៀបចំប្រជុំ។ ពិតណាស់ថា វានឹងជាកិច្ចប្រជុំដោយផ្ទាល់»។

ដោយមិនបានបញ្ជាក់ថាតើលោក ពូទីន ដែលត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចេញដីការចាប់ខ្លួនជុំវិញការចោទប្រកាន់ថារុស្ស៉ី បាននិរទេសកុមារអ៊ុយក្រែន ដោយខុសច្បាប់ នឹងចូលរួមឬអត់នោះ លោក រ៉ាម៉ាហ្វូសា បានបន្ថែមថា «យើងមិនបានរៀបចំកិច្ចប្រជុំកំពូលនេះដោយផ្ទាល់អស់រយៈពេលជិត ៣ឆ្នាំមកហើយ ដូច្នេះ យើងមិនអាចរៀបចំតាមទម្រង់អនឡាញទៀតនោះទេ»។

គួរបញ្ជាក់ថា អាហ្រ្វិកខាងត្បូង បច្ចុប្បន្នគឺជាប្រធានប្តូរវេននៃក្រុមប្រទេស BRICS ដែលរួមមានសមាជិកដទៃដូចជាប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងចិន។ ក្នុងនាមជាសមាជិកនៃ ICC អាហ្វ្រិកខាងត្បូង មានកាតព្វកិច្ចចាប់ខ្លួនលោក ពូទីន ប្រសិនបើមេដឹកនាំរុស្ស៉ីរូបនេះឈានជើងជាន់ដីអាហ្វ្រិកខាងត្បូង។

ការអះអាងរបស់លោក រ៉ាម៉ាហ្វូសា ធ្វើឡើង ក្រោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាទីក្រុងប្រេតូរីយ៉ា (Pretoria) កំពុងពិចារណាផ្លាស់ប្ដូរទៅរៀបចំកិច្ចប្រជុំក្នុងប្រទេសចិន ដែលមិនមែនជា ប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដើម្បីជៀសវាងការតម្រូវឲ្យស្ថិតក្នុងជំហរនៃការចាប់ខ្លួនលោក ពូទីន៕

ដកស្រង់ពី៖ Fresh News