បណ្តាញសង្គម

កិច្ចពិភាក្សារវាងលោក ពូទីន និងលោក អឺដូហ្កាន់ ជាក្តីសង្ឃឹមតែមួយគត់ សម្រាប់កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន

  (មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍នៅថ្ងៃចន្ទនេះថា ការចរចាដែលរំពឹងទុករវាងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីតួកគី លោក តាយីព អឺដូហ្កាន់ (Tayyip Erdogan) គឺជាក្តីសង្ឃឹមតែមួយគត់ ក្នុងការបន្តកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ ដែលត្រូវផុតកំណត់នៅសប្តាហ៍ក្រោយ។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣។ កិច្ចព្រមព្រៀងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្រោមការសម្របសម្រួលពីអង្គការសហប្រជាជាតិ និងតួកគីនៅក្នុងខែកក្កដា ឆ្នាំ ២០២២ ក្នុងគោលបំណងការពារវិបត្តិស្បៀងអាហារពិភពលោក បានអនុញ្ញាតឲ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដែលត្រូវជាប់គាំងដោយសារតែ ការឈ្លានពានរបស់រុស្ស៉ី អាចនាំចេញដោយសុវត្ថិភាពពីកំពង់ផែសមុទ្រខ្មៅ។

ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ RIA បានរាយការណ៍ថា «មិនមានសុទិដ្ឋិនិយមទេ» សម្រាប់ការបន្តកិច្ចព្រមព្រៀង ផ្អែកលើគោលជំហររបស់ទីក្រុងមូស្គូដែលបានអះអាង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រភពដដែលបញ្ជាក់ថា «តាមការអនុវត្តរបស់យើងកន្លមក មានតែការចរចារវាងមេដឹកនាំទាំងពីរនោះទេ ដែលអាចផ្លាស់ប្តូរស្ថានភាព ក្នុងដំណាក់កាលដ៏លំបាកនាពេលបច្ចុប្បន្ន ហើយមិនមានករណីលើកលែងនោះទេ។ កិច្ចពិភាក្សានៅថ្ងៃនោះ គឺជាក្តីសង្ឃឹមតែមួយគត់»។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោក អឺដូហ្កាន់ និយាយថា លោកកំពុងជំរុញឲ្យភាគីរុស្ស៉ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី ១៧ ខែកក្កដា យ៉ាងហោចណាស់ឲ្យបាន ៣ខែទៀត ព្រមជាមួយនិងការប្រកាសពី ដំណើរទស្សនកិច្ចរបស់ លោក ពូទីន ទៅកាន់ទីក្រុងអង់ការ៉ា ក្នុងខែសីហា។ យ៉ាងនេះក្តី វិមានក្រឹមឡាំងបានបដិសេធថា ជំនួបនៃមេដឹកនាំទាំងពីរនៅមិនទាន់ប្រាកដនៅឡើយនោះទេ៕

ដកស្រង់ពី៖ Fresh News