បណ្តាញសង្គម

NATO បញ្ចេញសាច់ដុំយោធា ទៅក្បែររុស្ស៉ី និងបេឡារុស ដើម្បីការពារកិច្ចប្រជុំកំពូលនៅលីទុយអានី

 បក្សសម្ព័ន្ធយោធាណាតូ (NATO) បានដាក់ពង្រាយសព្វាវុធទំនើបៗទៅកាន់ទីតាំង ដែលមានចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រពីរបងព្រំដែនជាប់ខ្សែលួសរបស់លីទុយអានី ជាមួយរុស្ស៉ី និងបេឡារុស ដើម្បីការពារប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំនៃសម្ព័ន្ធមិត្តផ្សេងទៀត ដែលត្រៀមជួបប្រជុំគ្នាក្នុងទីក្រុងវីនីញូស នាសប្តាហ៍ក្រោយ។

សម្ព័ន្ធមិត្តណាតូចំនួន ១៦ បានបញ្ជូនកងទ័ពសរុបប្រហែល ១,០០០នាក់ ដើម្បីទៅការពារកិច្ចប្រជុំកំពូលចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែកក្កដា ហើយដែលនឹងប្រព្រឹត្តទៅនៅចម្ងាយត្រឹមតែ១៥១គីឡូម៉ែត្រប៉ុណ្ណោះពីរុស្ស៉ី។ ក្នុងនោះសមាជិកខ្លះ ក៏កំពុងផ្តល់ប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ ទៅដល់ប្រទេសក្នុងតំបន់បាល់ទិកមួយនេះផងដែរ។

សូមបញ្ជាក់ថា ប្រទេសក្នុងតំបន់បាល់ទិក ដូចជា លីទុយអានី អេស្តូនី និងឡេតូនី ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងមូស្គូ ប៉ុន្តែជាផ្នែកមួយនៃអង្គការណាតូ និងសហភាពអឺរ៉ុបចាប់ពីឆ្នាំ ២០២៤ តទៅនោះ គ្រោងនឹងចំណាយលើវិស័យការពារលើសពី ២ភាគរយនៃសេដ្ឋកិច្ចរបស់ខ្លួន ដែលជាចំណែកមួយធំជាងសម្ព័ន្ធមិត្តណាតូដទៃទៀត។

យ៉ាងនេះក្តី តំបន់ដែលមានប្រជាជនសរុបប្រមាណ៦លាននាក់ នៅមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពាក់សម្ភារយោធា វិនិយោគលើយន្តហោះចម្បាំងផ្ទាល់ខ្លួន ឬប្រព័ន្ធការពារដែនអាកាសទំនើបនោះទេ នេះបតាមការផ្សាយរបស់ AFP កាលពីចុងសប្តាហ៏។