បណ្តាញសង្គម

ប្រធានាធិបតីជាប់ឆ្នោតរបស់ប៉ារ៉ាហ្កាយ នឹងបំពេញទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់

ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសប៉ារ៉ាហ្កាយ លោក សាន់ទីអាហ្គោ ប៉េណា បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ថា លោកផ្ទាល់ នឹងបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅសប្ដាហ៍ក្រោយនេះ ហើយនឹងជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen ដែលលោកចាត់ទុកជាមិត្តម្នាក់ដ៏អស្ចារ្យ ដើម្បីពង្រឹងទំនាក់ទំនង ចំពេលចិន កំពុងប្រើប្រាស់អំណាចសេដ្ឋកិច្ចលួងលោមឱ្យបណ្ដាប្រទេស ដែលជាសម្ព័ន្ធមិត្តនៅសេសសល់ផ្ដាច់ទំនាក់ទំនងជាមួយតៃវ៉ាន់។

ប៉ារ៉ាហ្កាយ គឺជាប្រទេសចុងក្រោយគេក្នុងតំបន់អាមេរិកខាងត្បូង ដែលមានទំនាក់ទំនងផ្លូវការជាមួយតៃវ៉ាន់ បន្ទាប់ពីប្រទេសដទៃទៀតក្នុងតំបន់ដូចជាហុងឌូរ៉ាស បានផ្ដាច់ទំនាក់ទំនងជាទីក្រុងតៃប៉ិ ងាកទៅរកចិនវិញនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

បច្ចុប្បន្ន តៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការជាមួយប្រទេសចំនួន១៣ប៉ុណ្ណោះ នៅលើពិភពលោក ហើយភាគច្រើននៃប្រទេសទាំងនេះទៀតសោត សុទ្ធសឹងតែជាប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាមេរិកកណ្ដាល តំបន់សមុទ្រការីបៀន និងប៉ាស៊ីហ្វិក។

សូមបញ្ជាក់ថា បើតាមក្រសួងការបរទេសតៃវ៉ាន់ ដំណើរទស្សនកិច្ចរបស់លោក ប៉េណា នឹងត្រូវធ្វើឡើងពីថ្ងៃអង្គារសប្ដាហ៍ក្រោយនេះ រហូតដល់ថ្ងៃអាទិត្យ ហើយលោកនឹង ត្រូវចូលរួមផងដែរ ក្នុងពិធីប្រារព្ធខួបលើកទី៦៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងតៃវ៉ាន់ និងប៉ារ៉ាហ្កាយ នៅថ្ងៃពុធ។

ប៉ុន្តែការបំពេញទស្សនកិច្ចបែបនេះ ជារឿយតែងតែបង្កការខឹងសម្បារដល់ចិន ដែលចាត់ទុកតៃវ៉ាន់ ត្រឹមតែជាខេត្តមួយរបស់ខ្លួនប៉ុណ្ណោះ នេះបើតាមការផ្សាយរបស់ AFP។