បណ្តាញសង្គម

លោក ស៊ី ជិនពីង ជំរុញឱ្យអតីតប្រធានាធិបតីហ្វីលីពីន លើកកម្ពស់ទំនាក់ទំនងជាមួយចិន

 ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានស្នើឱ្យអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ បន្ត លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ បន្ទាប់ពីទំនាក់ទំនងទ្វេភាគីជាមួយទីក្រុងម៉ានីល ក្រោម ការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីនសព្វថ្ងៃ លោក Ferdinand Marcos Jr កំពុងមានភាពរកាំរកូស នឹងគ្នា។

លោក Ferdinand Marcos Jr បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន សម្រាប់អាណត្តិមានរយៈពេល ៦ឆ្នាំ កាលពីឆ្នាំ២០២២ ដោយបានឡើងកាន់អំណាចបន្តវេនពីលោក ឌូតើតេ ដែលមានជំហរទន់ភ្លន់ចំពោះ ចិន។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅក្នុងជំនួបមួយនៅឯវិមានតាវយូតៃ (Diaoyutai) ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ លោក ស៊ី ជិនពីង បានគូសបញ្ជាក់ប្រាប់លោក ឌូតើតេ ដូច្នេះថា «ខ្ញុំសង្ឃឹមថា អ្នកនឹង បន្ត ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការមិត្តភាព (រវាងចិន និងហ្វីលីពីន)»។

សូមបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់លោក Marcos ទំនាក់ទំនងរវាងចិន និងហ្វីលីពីន មានភាពតាន តឹងនឹងគ្នាច្រើន ជាពិសេសចាប់តាំងពីប្រធានាធិបតី ហ្វីលីពីនរូបនេះ ងាកទៅរកសហរដ្ឋអាមេរិកវិញ និង អនុញ្ញាតឱ្យយោធាអាមេរិក អាចចូលប្រើប្រាស់មូលដ្ឋានទ័ពចំនួន ៤បន្ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន ដោយបង្កឱ្យចិនក្ដៅក្រហាយ។

កាលពីខែមិថុនាកន្លងទៅ លោក ឌូតើតេ ធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកថា ហ្វីលីពីនអាចនឹងក្លាយជា «វាលកប់ខ្មោច» ប្រសិនបើត្រូវកៀបនៅចំកណ្ដាល នៃភាពតាន តឹងរវាងសហរដ្ឋអាមេរិក និងចិន នេះបើតាមការផ្សាយរបស់ Reuters ។