បណ្តាញសង្គម

សភាស្រីលង្កា អនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងអភិបាលកិច្ច ខណៈប្រទេសកំពុងប្រឈមវិបត្តិសេដ្ឋកិច្

កាលពីថ្ងៃពុធ សភាស្រីលង្កា បានអនុម័តច្បាប់ប្រឆាំងអំពើពុករលួយដ៏សំខាន់មួយ ដើម្បីកែលម្អអភិបាលកិច្ចក្នុងប្រទេស ដែលរងគ្រោះដោយវិបត្តិមួយនេះ ហើយគឺជាផ្នែកនៃលក្ខខណ្ឌដែលតម្រូវពាក់ព័ន្ធទៅនឹងថវិកាសង្គ្រោះចំនួន ២.៩ពាន់លានដុល្លាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ច្បាប់ខាងលើ ត្រូវបានអនុម័តដោយគ្មានការបោះឆ្នោតក្នុងសភា ដែលមានសមាជិកចំនួន ២២៥ រូប។ ប្រធានសភាស្រីលង្កា បានប្រាប់សមាជិកសភា បន្ទាប់ពីខ្លឹមសារវិសោធនកម្ម ប្រវែងជាង២០ទំព័រ ត្រូវបានបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នោះថា «ច្បាប់នេះ ត្រូវបានអនុម័តជាមួយនឹងការធ្វើវិសោធនកម្ម»។

សូមបញ្ជាក់ថា ដោយសារតែវិបត្តិរូបិយប័ណ្ណបរទេសយ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០២២ ស្រីលង្កា មិនអាចសងបំណុលបរទេសរបស់ខ្លួនបាន ជាហេតុធ្វើឲ្យអតិផរណាកើនឡើង និងបានធ្លាក់ចុះយ៉ាងឆាប់រហ័សនូវតម្លៃរូបិយប័ណ្ណរបស់ខ្លួន។

ប៉ុន្តែស្ថានភាពហាក់បានប្រសើរឡើងវិញ បន្ទាប់ពីស្រីលង្កា សម្រេចបាននូវកម្ចីចំនួន ២.៩ពាន់លានដុល្លារពី IMF កាលពីខែមីនា តាមរយៈការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយថ្មី ដើម្បីពង្រឹងអភិបាលកិច្ច និងស្របតាមអនុសញ្ញាប្រឆាំងនឹងអំពើពុករលួយ របស់អង្គការសហប្រជាជាតិ នេះបើតាមការ ផ្សាយរបស់ AFP ។