បណ្តាញសង្គម

ទឹកទន្លេ Yamuna ឡើងជន់លិចទីក្រុងចំនួនពីររបស់ឥណ្ឌា ក្រោយភ្លៀងធ្លាក់ខ្លាំង

 (ញូដេលី)៖ ផ្នែកជាច្រើននៃទីក្រុងប្រវត្តិសាស្រ្តមួយចំនួនរបស់ឥណ្ឌាដូចជា វរីនដាវ៉ាន (Vrindavan) និងទីក្រុងម៉ាធូរ៉ា (Mathura) ពោរពេញដោយទឹកជំនន់ ដែលជន់ឡើងពីទន្លេយ៉ាមូណា (Yamuna) ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលទឹកទន្លេនោះច្រាលឡើងខ្លាំង។

នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។ អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ស្ថានភាពទឹកតាមដងទន្លេក្នុងទីក្រុង Mathura របស់រដ្ឋអ៊ុតថា ប្រាដែស (Uttar Pradesh) មានកម្ពស់ ១៦៦,៦៨ ម៉ែត្រ ដោយកម្រិតគ្រោះថ្នាក់គឺនៅកម្ពស់ ១៦៦ម៉ែត្រ។

ខណៈដែលអ្នកស្រុករាប់ពាន់នាក់ ត្រូវបានជម្លៀសទៅកាន់ទីសុវត្ថិភាព ឬផ្លាស់ទៅផ្ទះសាច់ញាតិរបស់ខ្លួននោះ ក៏មានអ្នកខ្លះទៀតត្រូវជាប់នៅក្នុងផ្ទះដោយសារតែភក់ និងទឹកលិច ក្នុងសប្តាហ៍នេះផងដែរ។ ទោះបីជាមន្ត្រីរដ្ឋាភិបាលនិយាយថា ពេលនេះទឹកកំពុងស្រកចុះក៏ដោយ ប៉ុន្តែបានបន្សល់ទុកនូវសំរាម និងដីល្បាប់ រួមនិងក្លិនស្អុយ ដែលបង្កើនការព្រួយបារម្ភអំពីជំងឺផ្សេងៗ។

គួរបញ្ជាក់ថា បើតាមរូបភាពវីដេអូអំពីទីក្រុងនេះ បានបង្ហាញឲ្យឃើញនូវទឹកលិចផ្លូវជម្រៅត្រឹមចង្កេះ ខណៈដែលយានជំនិះត្រូវទុកចោលក្នុងទឹក ប្រៀបដូចជាកោះមួយយ៉ាងដូច្នោះដែរ៕

ដកស្រង់ពី៖ Fresh News