បណ្តាញសង្គម

ក្រុមទាហានស៉ីឈ្នួល Wagner រួមគ្នាធ្វើសមយុទ្ធជាមួយយោធាបេឡារុស នៅក្បែរព្រំប្រទល់ប៉ូឡូញ

 (មីនស្កិ៍)៖ ក្រសួងការពារជាតិបេឡារុស បានឱ្យដឹងនាថ្ងៃព្រហស្បតិ៍នេះថា ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner នឹងជួយបណ្តោះបណ្តាល កងកម្លាំងពិសេសបេឡារុស អំលុងសមយុទ្ធនៅមូលដ្ឋានហ្វឹកហ្វឺនយោធាមួយកន្លែង ក្បែរព្រំប្រទល់ជាមួយ ប៉ូឡូញដែលជាសមាជិកអង្គការណាតូ (NATO)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣។ ថៅកែក្រុម Wagner លោក យេវហ្គេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) បានបង្ហាញខ្លួនក្នុងវីដេអូមួយកាលពីថ្ងៃពុធសប្តាហ៍នេះ ដោយលោកបាននិយាយស្វាគមន៍ ក្រុមយុទ្ធជនរបស់លោក មកកាន់ប្រទេសបេឡារុស ហើយប្រាប់ពួកគេថា Wagner នឹងមិនចូលពាក់ព័ន្ធក្នុងសង្រ្គាមនៅអ៊ុយក្រែនតទៀតទេ ប៉ុន្តែលោកបានបញ្ជាឱ្យ ពួកគេត្រៀមកម្លាំង សម្រាប់ធ្វើប្រតិបត្តិការនៅទ្វីបអាហ្រ្វិក។

ក្រសួងការពារជាតិបេឡារុស បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងសប្តាហ៍នេះ កងកម្លាំងប្រតិបត្តិការពិសេសបេឡារុស និងរួមគ្នាជាមួយសមាជិករបស់ Wagner ធ្វើការហ្វឹកហាត់លើការប្រយុទ្ធ នៅឯមូលដ្ឋានហ្វឹកហ្វឺនយោធា ក្នុងទីក្រុងប្រេស (Bresht) ដែលជាប់នឹងព្រំប្រទល់ប៉ូឡូញ។

គួរបញ្ជាក់ថា ក្នុងខែកក្កដានេះ ខាងប៉ូឡូញបានប្រកាសថា នឹងបញ្ជូនកងកម្លាំងប៉ូលិសប្រមាណជា៥០០នាក់ ដើម្បីទៅជួយពង្រឹងសន្តិសុខ នៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាមួយបេឡារុស ចំពោះមុខការកើនឡើងនៃជនចំណាកស្រុក ដែលព្យាយាមឆ្លងចូលទៅកាន់ប៉ូឡូញ ព្រមទាំងជាវិធានការទប់ស្កាត់ សម្រាប់ការគំរាមកំហែងណាមួយ ដែលអាចកើតមាន ក្រោយក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner ត្រូវបានផ្លាស់ទៅឈរជើងនៅបេឡារុស៕

ដកស្រង់ពី៖ Fresh News