បណ្តាញសង្គម

លោក Blinken៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី ធ្វើដំណើរទៅកូរ៉េខាងជើង ដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធ (Video inside)

ព្រីសប៊ែន, អូស្ត្រាលី)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសៅរ៍នេះបាននិយាយថាសហរដ្ឋអាមេរិកជឿជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ីមានវត្តមាននៅក្នុងប្រទេសកូរ៉េខាងជើង គឺដើម្បីស្វែងរកការផ្គត់ផ្គង់អាវុធ ដើម្បីជួយដល់ការឈ្លានពានរបស់ខ្លួនដែលកំពុងជាប់គាំង នៅអ៊ុយក្រែន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។ ការកត់សម្គាល់ខាងលើរបស់លោក Antony Blinken ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ Sergei Shoigu បានបំពេញដំណើរ ទស្សនកិច្ចដ៏កម្រមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះទៅកាន់ទីក្រុងព្យុងយ៉ាង។

បើតាមលោក Blinken រុស្ស៉ីកំពុងព្យាយាមទិញអាវុធពីសម្ព័ន្ធមិត្តរបស់ខ្លួន នៅជុំវិញពិភពលោក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងប្រទេសអូស្ត្រាលី រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងមើលឃើញរុស្ស៉ី ស្វះស្វែងរកការគាំទ្រ និងអាវុធពីគ្រប់ទីកន្លែង ដែលខ្លួនអាចស្វែងរក បាន ដើម្បីបន្តធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន...យើងកំពុងមើលឃើញកិច្ចប្រឹងប្រែងទាំងនេះនៅកូរ៉េខាងជើង រួមទាំងនៅអ៉ីរ៉ង់ដែលបានផ្ដល់នូវ យន្ដហោះដ្រូនជាច្រើនដល់រុស្ស៉ី យកទៅប្រើប្រាស់ដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសម្លាប់ជនស៊ីវិលនៅអ៊យក្រែន»។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) បានបំពេញទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងសប្ដាហ៍នេះ ដើម្បីចូលរួមការប្រារព្ធខួបលើកទី៧០ នៃការបិទបញ្ចប់សង្រ្គាមកូរ៉េ ហើយនេះគឺជាដំណើរទស្សនកិច្ចរបស់មន្ត្រីយោធាកំពូលរុស្ស៉ី ចាប់តាំងពីឆ្នាំ១៩៩១មក។

ក្នុងដំណើរទស្សនកិច្ចនេះ លោក គីម ជុងអ៊ុន បានជូនដំណើរលោក សយហ្គូ ដើរទស្សនាអាវុធទំនើបៗរបស់កូរ៉េខាងជើង ក្នុងនោះមានទាំងមីស៊ីល ICBM ស្របពេលប្រទេសទាំង២ កំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ៕

ដកស្រង់ពី៖ Fresh News