បណ្តាញសង្គម

មនុស្ស៩នាក់ស្លាប់ និងជាង១០០នាក់របួស ក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាំជ្រួច នៅភាគខាងត្បូងប្រទេសថៃ

  (បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ មានហេតុការណ៍ផ្ទុះបានកើតឡើង នៅឃ្លាំងស្តុកកាំជ្រួចមួយកន្លែង ស្ថិតក្នុងក្រុងស៊ូនហ្កៃ កូឡូក (Sungai Kolok) នៃខេត្តណារ៉ាធីវ៉ាត់ (Narathiwat) ហើយបានផ្តាច់ជីវិតមនុស្ស៩នាក់ និងបង្កឱ្យជាង១០០នាក់ផ្សេងទៀត ទទួលរងរបួស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣។ អភិបាលខេត្ត Narathiwat លោក សាណន ពុងអៃសន (Sanon Pongaksorn) បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ឃ្លាំងស្តុកកាំជ្រួចមួយកន្លែងនៅក្រុង Sungai Kolok បានផ្ទុះកាលពីរសៀលថ្ងៃសៅរ៍ ខណៈតួលេខអ្នកស្លាប់ចុងក្រោយបំផុតគឺ៩នាក់ និងរបួស១១៥នាក់។

ការស៉ើបអង្កេតបឋមឱ្យតំរុយថា មូលហេតុនៃការផ្ទុះ គឺបណ្តាលមកពីកំហុសបច្ចេកទេសអំលុងដំណើរការផ្សារដែក ដ្បិតឃ្លាំងនោះកំពុងស្ថិតក្រោមការសាងសង់»។ គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ពាក់ព័ន្ធនឹងវិស័យសំណង់ បានកើតមានឡើងជាញឹកញាប់គួរសមនៅក្នុងប្រទេសអាស៊ានមួយនេះ។

តួយ៉ាងកាលពីខែមិថុនាកន្លងទៅ មនុស្ស២នាក់ទើបតែបានបាត់បង់ជីវិត នៅពេលស្ពានអាកាសមួយ ដែលស្ថិតក្រោមដំណើរការសងសង់ បានបាក់រំលំនៅទីក្រុងបាងកក៕

ដកស្រង់ពី៖ Fresh News