បណ្តាញសង្គម

លោក បៃដិន ថាមេដឹកនាំវៀតណាមចង់ជួបរូបលោក នៅឯកិច្ចប្រជុំកំពូល G20 ដើម្បីលើកកម្ពស់ទំនាក់ទំនង (Video inside)

វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាមេដឹកនាំវៀតណាម ចង់ជួបរូបលោកនៅឯកិច្ចពិភាក្សាមួយ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលគ្រោងប្រព្រឹត្តទៅក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា នៅខែកញ្ញាខាងមុខនេះ ដើម្បីជជែកគ្នាពីការលើកកម្ពស់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងវៀតណាម។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះ នៅចំពោះមុខម្ចាស់ឧបត្ថម្ភជាច្រើនរូបសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក នៅឯព្រឹត្តិការណ៍ រៀបចំឡើង ក្នុងទីក្រុង Freeport នៃរដ្ឋ Maine កាលពីថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក)។

ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបាន ទទួលការហៅទូរស័ព្ទពីមេដឹកនាំវៀតណាម ដែលអន្ទះសារចង់ជួបខ្ញុំ នៅពេលខ្ញុំចូលរួមកិច្ចប្រជុំកំពូល G20។ លោក (មេដឹកនាំវៀតណាម) ចង់លើក

កម្ពស់ ពួកយើងជាដៃគូដ៏សំខាន់មួយ រួមជាមួយរុស្ស៉ី និងចិន»។ ប៉ុន្តែ ខាងស្ថានទូតវៀតណាម ប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗ ឆ្លើយតបទៅនឹង សំណួរអ្នកសារព័ត៌មាន ជុំវិញការលើកឡើងរបស់លោក បៃដិននោះទេ។

គួរបញ្ជាក់ថា នៅឯកិច្ចប្រជុំមួយកាលពីខែមេសាកន្លងទៅ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ មិញ ជិញ (Pham Minh Chinh) និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញពីគោលបំណងពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងប្រទេសទាំង២ ខណៈសហរដ្ឋអាមេរិកកំពុងពង្រឹងទំនាក់ទំនង ជាមួយប្រទេសជាដៃគូ ក្នុងតំបន់អាស៊ី ដើម្បីទប់ទល់នឹងចិន៕

ដកស្រង់ពី៖ Fresh News