បណ្តាញសង្គម

ចិន ព្រមានពីការវាយប្រហារនៃព្យុះទីហ្វុងទី៣ ក្នុងរយៈពេលត្រឹមតែ៣សប្តាហ៍

 អាជ្ញាធរឧតុនិយមចិន កាលពីថ្ងៃសៅរ៍ បានព្រមានពីការលេចរូបរាងឡើងនៃព្យុះត្រូពិច ឈ្មោះ ខានូន Khanun ដែលត្រូវបានរំពឹងថា នឹងប្រមូលផ្តុំកម្លាំងយ៉ាងឆាប់រហ័ស រហូតក្លាយជាព្យុះទីហ្វុង រួចហើយវាយ ប្រហារមកលើតំបន់ឆ្នេររបស់ប្រទេសចិន នៅសប្តាហ៍ខាងមុខនេះ។

ការព្យាករ បានបង្ហាញថា ព្យុះ Khanun ដែលឥឡូវស្ថិតនៅចម្ងាយប្រហែលជាង១,០០០គីឡូម៉ែត្រ ពីភាគខាងកើតនៃប្រទេសហ្វីលីពីន លើផ្ទៃមហាសមុទ្រប៉ាស៉ីហ្វិកនោះ ទំនងជានឹងធ្វើដំណើរទៅដល់ខេត្ត ចេជាំង ដែលស្ថិតនៅបណ្តោយឆ្នេរភាគខាងកើតចិន នៅថ្ងៃអង្គារសប្តាហ៍នេះ។

សូមបញ្ជាក់ថា ខណៈដែលតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៉ីហ្វិក កំពុងឈានដល់ពេលដែលសម្បូរព្យុះទីហ្វុងបំផុត គឺចន្លោះខែសីហា-កញ្ញា ក្រុមអ្នកវិទ្យាសាស្រ្ត បានព្រមានថា ព្យុះទាំងនោះ អាចនឹងកើតឡើងកាន់តែញឹកញាប់ និងកាន់តែកាចសាហាវ ដោយសារតែឥទ្ធិពលនៃការកើនឡើងកម្តៅភពផែនដី។

Khanun នឹងក្លាយជាព្យុះទីហ្វុងទី៣ ដែលវាយប្រហារលើប្រទេសចិន បន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានមកដល់កាលពីថ្ងៃសុក្រកន្លង និងព្យុះទីហ្វុង Talim ដែលបានមកដល់កាលពីថ្ងៃទី១៧ ខែកក្កដា នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ ។