បណ្តាញសង្គម

នាយករដ្ឋមន្រ្តីប៉ូឡូញ អះអាងថា សមាជិកច្រើនថែមទៀតនៃក្រុមទាហានស៉ីឈ្នួល រុស្ស៉ី Wagner ផ្លាស់ទីមកកាន់តែកៀកព្រំប្រទល់ប៉ូឡូញ

 នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាតេអ៊ូស ម៉ូរ៉ាវៀស្គី បានអះអាងកាលពីថ្ងៃសៅរ៍ថា យុទ្ធជនមួយក្រុម មានគ្នា ប្រហែលជា១០០នាក់ មកពីក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានផ្លាស់ទីមកក្បែរទីក្រុង ហ្គ្រោដណូ នៃប្រទេសបេឡារុស ដែលនៅកៀកនឹងព្រំប្រទល់ជាមួយប៉ូឡូញ។

ប៉ូឡូញ ដែលជាសមាជិកនៃអង្គការណាតូ បានកើតមានក្តីកង្វល់អំពីលទ្ធភាព នៃការរាលដាលសង្រ្គាម ចូល ទៅក្នុងទឹកដីរបស់ខ្លួន ចាប់តាំងតែពីរុស្ស៉ី បានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ មក។

ក្នុងខែកក្កដានេះ ប៉ូឡូញ ក៏បានចាប់ផ្តើមផ្លាស់ទីកងកម្លាំងប្រដាប់អាវុធជាង១,០០០នាក់ ទៅកាន់ ភាគខាងកើតប្រទេសផងដែរ ចំពោះមុខការកើនឡើងក្តីបារម្ភ ដែលថា វត្តមានសមាជិករបស់ Wagner នៅបេឡារុស អាចនឹងបង្កើនភាពតានតឹងនៅតាមតំបន់ព្រំប្រទល់រវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា វត្តមាន Wagner នៅក្នុងប្រទេសបេឡារុស គឺជាផ្នែកនៃកិច្ចព្រមព្រៀងមួយ ដែលបានជួយ បញ្ចប់ការបះបោរប្រដាប់អាវុធរបស់ក្រុមទាហានស៉ីឈ្នួលនេះ កាលពីខែមិថុនា នៅពេលដែលពួកគេ បាន ចូលគ្រប់គ្រងទីស្នាក់ការយោធារុស្ស៉ីមួយកន្លែង ហើយសំដៅឆ្ពោះទៅកាន់ទីក្រុងមូស្គូ ដែលប៊ិះនឹងរុញច្រាន រុស្ស៉ីឱ្យធ្លាក់ក្នុងសង្រ្គាមស៉ីវិល នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។