បណ្តាញសង្គម

អ្នកស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុងពិធីជួបជុំគណបក្សនយោបាយនៅប៉ាគីស្ថាន កើនដល់៤៤នាក់

 (អ៉ីស្លាម៉ាបាដ)៖ ប៉ូលិស និងក្រុមជួយសង្គ្រោះ បានឲ្យដឹងថា យ៉ាងហោចមនុស្ស ៤៤នាក់បានស្លាប់ និងរងរបួសជិត ២០០នាក់ ដោយការបំផ្ទុះគ្រាប់បែកអត្តឃាត ក្នុង ពិធីជួបជុំរបស់គណបក្សនយោបាយមួយ ក្នុងខេត្តខាយបឺ ប៉ាកទុនវ៉ា (Khyber Pakhtunkhwa) ស្ថិតនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍ កន្លងទៅនេះ។

នេះបើយោងតាមការដកផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣។ ការបំផ្ទុះគ្រាប់បែកនេះបានកើតឡើងអំឡុងពេលជួបជុំរបស់គណបក្សអភិរក្សនិយម (JUI-F) នៅក្នុងអតីតតំបន់កុលសម្ព័ន្ធបាចាអួរ (Bajaur) ដែលមានព្រំប្រទល់ជាប់ ប្រទេសអាហ្វហ្កានីស្ថាន។

មន្ត្រីប៉ូលិសស្រុក បាននិយាយថា ការប្រកាសភាពអាសន្នបានធ្វើឡើងនៅក្នុងមន្ទីរពេទ្យនៃតំបន់ Bajaur និងតំបន់ជាប់គ្នានោះ។ ចំណែក អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងខេត្តប៉េសាវ៉ា (Peshawar) តាមរយៈឧទ្ធម្ភាគចក្រយោធា។

មនុស្សជិត ២០០នាក់បានរងរបួស ដែលភាគច្រើន របួសធ្ងន់។ បើតាមក្រុមសង្រ្គោះ អ្នកស្លាប់មានចំនួន ៤៤នាក់។

គួរបញ្ជាក់ថា ការកំណត់គោលដៅវាយប្រហារលើគណបក្ស JUI-F ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់នៃរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រី លោក សេហ៍បាស់ សារីហ្វ (Shehbaz Sharif) កើតឡើងនៅគ្រាដែលប៉ាគីស្ថាន កំពុងរៀបចំការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខ។

លោក សារីហ្វ បានប្រកាសថ្កោលទោស ការបំផ្ទុះនេះ ដោយចាត់ទុកថាជាការវាយប្រហារលើដំណើរការប្រជាធិបតេយ្យរបស់ប៉ាគីស្ថាន ហើយប្ដេជ្ញាដាក់ទោសលើទទួលខុសត្រូវចំពោះហេតុការណ៍នេះ៕

ដកស្រង់ពី៖ Fresh News