បណ្តាញសង្គម

រុស្ស៉ី ត្រៀមចេញបេសកកម្មបញ្ជូនយានទៅស្រាវជ្រាវឋានព្រះចន្ទ ជាលើកដំបូងក្នុងរយៈពេលជិតកន្លះសតវត្សរ៍

 អាជ្ញាធរប្រចាំមូលដ្ឋាននៅប្រទេសរុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃចន្ទថា នឹងមានការជម្លៀសប្រជាជនចេញពីភូមិមួយកន្លែង នៅតំបន់ចុងបូព៌ាប្រទេស នាថ្ងៃទី១១ ខែសីហាខាងមុខ ដែលជាផ្នែកនៃវិធានការសម្រាប់សកម្មភាពចេញបេសកកម្មឋានព្រះចន្ទ ជាលើកដំបូងបំផុតរបស់រុស្ស៉ី ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

យានរ៉ូបូត Luna-25 ដែលជាបេសកកម្មស្រាវជ្រាវឋានព្រះចន្ទទីមួយរបស់រុស្ស៉ី គិតចាប់តាំងពីឆ្នាំ១៩៧៦មក នឹងត្រូវបាញ់បង្ហោះចេញពីមូលដ្ឋានបង្ហោះយានអវកាស វ៉ូស្តូឈ្នី ចម្ងាយប្រហែល ៥,៥៥០គមពីរដ្ឋធានីមូស្គូ។

ប្រជាជនរុស្ស៉ី ដែលរស់នៅក្នុងភូមិ សាកទីនស្គី នៃតំបន់ខាបារ៉ូវ ភាគអាគ្នេយ៍ពីកន្លែងបាញ់បង្ហោះយានខាងលើ នឹងត្រូវជម្លៀសនៅវេលាទាបភ្លឺថ្ងៃទី១១ ខែសីហា ដែលត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ ដ្បិតភូមិនោះនៅត្រង់តំបន់ ដែលកំណាត់ម៉ាស៉ីនជំនួយរបស់គ្រាប់រ៉ុក្កែត នឹងធ្លាក់ចុះមកចំ។

សូមបញ្ជាក់ថា យោងតាមទីភ្នាក់ងារអវកាសរុស្ស៉ី យាន Luna-25 នឹងត្រូវចុះចតនៅតំបន់ប៉ូលខាងត្បូងនៃផ្ទៃព្រះចន្ទ។ កម្មវត្ថុចម្បងនៃបេសកកម្មនេះ គឺការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ចុះចតយានដោយជោគជ័យនៅលើផ្ទៃព្រះចន្ទ, ការស្រាវជ្រាវសណ្ឋានផ្នែកផ្ទៃខាងក្នុងរបស់ព្រះចន្ទ និងការរុករកធនធាន រួមមានទាំងទឹកជាដើម។

វាត្រូវគេរំពឹងថា នឹងអាចធ្វើប្រតិបត្តិការនៅលើផ្ទៃព្រះចន្ទ បានរយៈពេលប្រហែល១ឆ្នាំ នេះបើតាមការផ្សាយរបស់ AFP ។